អាមេរិកបាញ់ទម្លាក់បាឡុងរបស់ចិន ខណៈភាពតានតឹងចុងក្រោយ កើនឡើង
អាមេរិក៖សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍បានបាញ់ទម្លាក់ «បាឡុងចារកម្ម» របស់ពោលគឺរយៈពេលបីថ្ងៃក្រោយគេប្រទះឃើញវាអណ្ដែតលើទឹកដីសហរដ្ឋអាមេរិកដែលធ្វើឱ្យទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងប៉េកាំងកាន់តែមាន ភាព តានតឹង ។ការបាញ់ទម្លាក់នេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថាសហរដ្ឋ អាមេរិកនឹងចាត់ការលើបញ្ហានេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំណាត់ការ បែប ណា មួយនោះទេ។
បាឡុងរបស់ចិនដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាបាឡុងចារកម្ម ត្រូវបានប្រទះឃើញដំបូងនៅលើរដ្ឋម៉ុងតាណា។ ប៉ុន្តែការបាញ់ ទម្លាក់ កាលពីថ្ងៃសៅរ៍នេះ ធ្វើឡើងនៅពេលដែលបាឡុងនោះបានអណ្ដែត ទៅ ដល់ឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិកទៅហើយ។ ក្នុងប្រតិបត្តិការបាញ់ទម្លាក់នេះ កងទ័ពអាកាសហរដ្ឋអាមេរិកបាន ប្រើយន្ត ហោះ ចម្បាំង F-22 ធ្វើការបាញ់ម៊ីស៊ីល AIM-9X ទៅលើបាឡុង។
កម្ទេចកម្ទីរបស់បាឡុងដែលបាញ់ទម្លាក់នេះ ត្រូវបានគេរាយការណ៍ ថា នឹងធ្លាក់ក្នុង ដែនទឹកសហរដ្ឋអាមេរិក នៃមហា សមុទ្រ អាត្លង់ទិកខាងជើង ហើយបន្ទាប់មក វានឹងត្រូវប្រមូលយកទៅដាក់មន្ទីរពិសោធន៍របស់ទីភ្នាក់ងារ ស៊ើបអង្កេតសហព័ន្ធ (FBI) ក្នុងរដ្ឋ Virginia។
ក្រោយការបាញ់ទម្លាក់នេះផងដែរ ក្រសួងការបរទេសចិនបានសម្ដែងនូវការ មិនពេញចិត្តខ្លាំងនៅថ្ងៃអាទិត្យនេះ ហើយថាខ្លួនប្រឆាំងនឹងការប្រើកម្លាំង របស់សហរដ្ឋអាមេរិកក្នុងការ បាញ់ទម្លាក់បាឡុង ដែលខ្លួនអះអាង ថាជាបា ឡុងដែលបង្ហោះ ឡើងក្នុង គោលបំណងកិច្ចការស្រាវជ្រាវវិទ្យាសាស្រ្ត ស៊ីវិល។
ក្រោយប្រកាសថាសហរដ្ឋអាមេរិកនឹងចាត់ការរឿងបាឡុងនេះ លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ផងដែរថា លោកបានបញ្ជាឲ្យយោធាបាញ់វាទម្លាក់ ប៉ុន្តែត្រូវបានមន្ត្រីៗឱ្យយោបល់ថា វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជន រស់នៅខាងក្រោម។ លោកបន្តថា ៖ «ខ្ញុំបាទបញ្ជាឱ្យមន្ទីរបញ្ចកោណ បាញ់ វាទម្លាក់ចុះ ឱ្យបានឆាប់ ដោយមិនធ្វើឱ្យប៉ះពាល់ដល់អ្នកណាម្នាក់នៅ លើ ដី»។
គួរបញ្ជាក់ថា វត្តមានបាឡុងចារកម្មរបស់ចិនអណ្ដែតលើដែនអាកាសរបស់ សហរដ្ឋអាមេរិកនាពេលនេះ បានធ្វើឱ្យភាពតានតឹងនៃទំនាក់ទំនងរបស់ចិន និងអាមេរិក កាន់តែក្ដៅឡើងមួយកម្រិតទៀត។
ក្រោយពីមានសេចក្ដីរាយការណ៍ពីបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្ល៊ីងកែន បានប្រកាសផ្អាកដំណើរទស្សនកិច្ចទៅចិន របស់លោក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៥-៦ កុម្ភៈនេះ។
លោកលើកឡើងកាលពីថ្ងៃសុក្រថា ការបង្ហោះបាឡុង «ឃ្លាំមើល» របស់ចិន គឺជាទង្វើមិនទទួលខុសត្រូវ រំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋ អាមេរិក ក៏ដូចជាច្បាប់អន្តរជាតិ។
ច្រានចោលនឹងការចោទប្រកាន់បែបនេះក្ដី ក្រសួងការបរទេសចិនកាលពីថ្ងៃ សុក្របានសម្ដែងការសោកស្ដាយរបស់ខ្លួន ប៉ុន្តែថា បាឡុងដែលអណ្ដែតលើ ទឹកដីអាមេរិកដោយ «អចេតនា» នោះជា «បាឡុងសម្រាប់ការស្រាវជ្រាវ ស៊ីវិល»។
កាលពីថ្ងៃសៅរ៍ មុនពេលសហរដ្ឋអាមេរិកបាញ់ទម្លាក់ ក្រសួងដដែល និយាយ បន្ថែមទៀតថា ខ្លួនមិនដែលរំលោភលើទឹកដី និងដែនអាកាសនៃ ប្រទេស អធិបតេយ្យណាមួយឡើយ ដោយគូសបញ្ជាក់ថា អ្នកការទូតកំពូល របស់ចិន គឺលោក វ៉ាង យី បានសន្ទនាជាមួយលោក ប្ល៊ីងកែន តាមទូរស័ព្ទ ហើយមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនង «ជាពិសេសក្នុងការដោះស្រាយជាមួយនឹងស្ថានភាពដែលមិនរំពឹងទុកមួយចំនួនក្នុងលក្ខណៈស្ងប់ស្ងាត់ និងគួរឱ្យទុកចិត្ត»។
ប៉ុន្តែក្រសួងបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង «នឹងមិនទទួលយកការ សន្និដ្ឋាន ឬពាក្យបំផ្លើសមួលបង្កាច់ណាមួយឡើយ» ដោយបានចោទប្រកាន់ អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនថា បានប្រើបញ្ហានេះ ដើម្បីជាលេសវាយប្រហារ និងលាបពណ៌ចិន។
សូមគូសបញ្ជាក់ទៀតថា កាលពីថ្ងៃសុក្រ ពោលគឺមួយថ្ងៃបន្ទាប់ពីវត្តមាន របស់ បាឡុងចារកម្មចិនទី១ ដែលអណ្ដែតក្នុងរយៈកម្ពស់ខ្ពស់ត្រូវបានគេ រាយការណ៍នៅលើរដ្ឋម៉ុងតាណា មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា មានបាឡុងចិនមួយទៀតអណ្ដែតនៅអាមេរិកឡាទីន ប៉ុន្តែមិនបញ្ជាក់ពី ទីតាំងច្បាស់លាស់នោះទេ។
យោងតាមមន្ត្រីអាមេរិក បាឡុងទី១បានអណ្តែតលើរដ្ឋអាឡាស្កា និង កាណាដា មុនពេលលេចឡើងនៅពីលើរដ្ឋម៉ុនតាណារបស់ សហរដ្ឋអាមេរិក ដែលជាទីតាំងមីស៊ីលនុយក្លេអ៊ែរដ៏សំខាន់ៗមួយចំនួន។ ខណៈមន្ទីរ បញ្ចកោណ អះអាងថា បាឡុងកំពុងធ្វើដំណើរក្នុងរយៈកម្ពស់ខ្ពស់ពីលើ ចរាចរណ៍ ផ្លូវអាកាសពាណិជ្ជកម្ម និងមិនបង្ហាញពីការគំរាមកំហែងផ្នែក យោធា ឬរូបរាងកាយដល់មនុស្សនៅលើដី វមានរបស់វាបានបង្កឱ្យមាន កំហឹង។
បញ្ហានេះ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែតានតឹងប៉ុណ្ណោះ ទេ ប៉ុន្តែវាក៏ធ្វើឱ្យនយោបាយក្នុងស្រុកអាមេរិករកនូវភាពប្រទាញប្រទង់ គ្នាផងដែរ រវាងបក្សសាធារណៈរដ្ឋ និងបក្សកាន់អំណាចប្រជាធិបតេយ្យ។ មន្ត្រីបក្សសាធារណៈរដ្ឋ រួមទាំងលោក Mike Pompeo ដែលជារដ្ឋមន្រ្តី ការបរទេសក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និងជាអតីតប្រធាន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បានទាមទារជាសាធារណៈ ឱ្យមានការបាញ់ទម្លាក់ ព្រោះបាឡុងចារកម្មចិនរំលោភលើដែន អាកាស អាមេរិក ដោយចេតនា៕
ដោយ៖ហួន ឌីណា