ជាស្ត្រីតែម្នាក់នៅក្នុងក្រុម តែអ្នកស្រី ម៉ុន ភ័ស្ត មិនរុញរាក្នុងការបំពេញការងារជាមន្ត្រីឧទ្យានុរក្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីឧទ្យានុរក្ស សំដៅលើអ្នកដែលមានតួនាទីក្នុងការការពារ ព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ របស់កម្ពុជានៅតាមតំបន់អភិរក្ស នានា។ ដើម្បីបំពេញតួនាទីឱ្យបានគ្រប់ជ្រុងជ្រោយ ពួកគេ ត្រូវចុះតាមដាន ល្បាតព្រៃជាប្រចាំ ដែលក្នុងនោះពួកគេក៏អាចប្រឈមមុខនឹងជនប្រព្រឹត្តិ បទល្មើសព្រៃឈើផងដែរ។

នៅកម្ពុជា ឧទ្យានុរក្សមានចំនួន ១ ២០០ នាក់។ ប៉ុន្តែដោយឡែក ឧទ្យានុរក្ស ដែលជាស្ត្រីមានត្រឹមតែ ៤២នាក់ ប៉ុណ្ណោះនៅទូទាំងប្រទេស។ មានចំនួនស្ត្រីតិចតួចក៏ព្រោះតែ នេះជាការងារដែលប្រឈមមុខ នឹង គ្រោះថ្នាក់ ព្រមទាំងជាការងារដែលត្រូវប្រើកម្លាំងសម្រាប់ការដើរ ល្បាត តាមព្រៃ។

ខុសពីស្ត្រីផ្សេងទៀត ដែលនៅផ្ទះ មើលថែកូន ឬធ្វើការងារក្នុងម៉ាស៊ីន ត្រជាក់ អ្នកស្រី ម៉ុន ភ័ស្ត បានសម្រេចចិត្តជ្រើសរើសបំពេញការងារ ជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវហត់ស្ទើរមិនលោះថ្ងៃ។ បើទោះបី ខ្លួនជាស្ត្រីក៏ ពិត មែន ប៉ុន្តែទឹកចិត្តក្នុងការបំពេញការងារ អ្នកស្រីតែងតែមានជានិច្ច ជាពិសេសគឺឆន្ទៈក្នុងការការពារធនធានធម្មជាតិកម្ពុជាឱ្យគង់វង្ស។
១៥ ថ្ងៃក្នុងមួយខែ អ្នកស្រី និងក្រុមការងារផ្សេងទៀត ត្រូវចុះល្បាតតាម តំបន់ផ្សេងៗ ជុំវិញដែនសមត្ថកិច្ចរបស់ខ្លួន ដែលស្ថិតនៅក្នុងតំបន់ ជួរភ្នំក្រវាញកណ្ដាល ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងការចុះល្បាតម្ដងៗ អ្នកស្រីត្រូវបំពេញកាតព្វកិច្ចជាស្ត្រីមេផ្ទះផង និងជាមន្ត្រីឧទ្យានុរក្សផង។
ជាមេផ្ទះ ព្រោះអ្នកស្រីជាអ្នករៀបចំម្ហូបអាហារ សម្ភារៈសម្រាប់ក្រុម ទាំងមូលដែល មានសមាជិក ១០នាក់។ រីឯកាតព្វកិច្ចជាមន្ត្រីឧទ្យានុរក្ស អ្នកស្រីត្រូវជិះម៉ូតូផ្លូវឆ្ងាយ ដើរលុកលុយព្រៃ និងដើរផ្សព្វផ្សាយពីការការពារ ព្រៃឈើទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់ជាដើម។

ជាស្ត្រីតែម្នាក់នៅក្នុងក្រុម ក៏មិនបានធ្វើឱ្យអ្នកស្រីរុញរាក្នុងការបំពេញ ការងារនោះឡើយ ផ្ទុយទៅវិញ អ្នកស្រីតែងមានចិត្តអំណត់ ព្យាយាម និងប្រកាន់ភ្ជាប់នូវពាក្យមួយឃ្លាថា «បុរសធ្វើបាន ស្ត្រីក៏ធ្វើបាន ដូចគ្នា»។
ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះបានរៀបរាប់ថា ៖ «ការងារនេះមិនស្រួលនោះទេ បើធ្វេសប្រហែសតែបន្តិច អាចនឹងប៉ះពាល់ដល់អាយុជីវិតក៏ថាបាន ប៉ុន្តែខ្ញុំសំណាងដែរដែលបានក្រុមការងារគាត់យកចិត្តទុកដាក់ ជួយ សម្រួលការងារល្បាតមួយចំនួន។ ដូច្នេះពួកយើងមានការសាមគ្គីគ្នាល្អ»។

បើតាមការរៀបរាប់បន្ថែមរបស់អ្នកស្រី ម៉ុន ភ័ស្ត បទល្មើសព្រៃឈើជាប្រភេទ បទល្មើសដែលខ្លួន និងក្រុមការងារ ធ្លាប់បានជួបប្រទះ ដែលករណីនោះគឺ ម៉ូតូជាច្រើនគ្រឿងកំពុងដឹកឈើដែលបានកាប់ ជញ្ចូនចេញ ពីព្រៃ។ អ្វីដែល គ្រោះថ្នាក់គឺ ជនបង្កទាំងនោះមានអាវុធការពារខ្លួន ហើយដែលអាចតដៃ បានគ្រប់ពេល ប្រសិនបើមន្ត្រីឧទ្យានុរក្សមានគ្នីគ្នាតិច និងមិនឆាប់រក ដំណោះស្រាយ។

អ្នកស្រីគូសបញ្ជាក់ថា ៖ «ខ្ញុំអាចជ្រើសរើសធ្វើការងារផ្សេងបាន ប៉ុន្តែខ្ញុំ រើសធ្វើការងារនេះដោយសារតែខ្ញុំស្រឡាញ់ និងចង់មានចំណែកក្នុងការ ការពារធនធានធម្មជាតិជូនប្រជាជនយើង ជាពិសេសក្មេងជំនាន់ក្រោយ»។
ក្រៅពីការដើរល្បាតព្រៃនេះទៅ អ្នកស្រីក៏ជាម្ដាយមួយរូបផងដែរ ដែល សព្វថ្ងៃអ្នកស្រីមានកូនចំនួនពីរនាក់ផ្ញើនៅនឹងម្ដាយជួយមើលថែ ដែល យូរៗម្ដង អ្នកស្រី និងស្វាមីឆ្លៀតពេលទៅលេងកូនពីរបីថ្ងៃ ទើបត្រឡប់មក ធ្វើការងារវិញ។

សម្រាប់អ្នកស្រី ម៉ុន ភ័ស្ត វាក៏មិនមែនជារឿងងាយស្រួលដែរ ក្នុងការដែល ត្រូវចាកឆ្ងាយចោលកូនតូចៗ មកថែរក្សាព្រៃជូនជាតិមាតុភូមិ។អ្នកស្រីបានប្រាប់ថា ៖ «ពេលខ្លះក៏គិតដែរថា ខ្លួនឯងអាចបំពេញកាតព្វកិច្ច ជាអ្នកការពារព្រៃបាន តែបែរ ជាមិនអាចបំពេញតួនាទីជាម្ដាយដ៏ល្អ ម្នាក់ បានទៅវិញ»។
ទាំងនេះសុទ្ធសឹងតែជាឧបសគ្គធំៗសម្រាប់អ្នកស្រី ហើយទាំងនេះផងដែរ ទំនងជាមូលហេតុដែល មន្ត្រីឧទ្យានុរក្សជាស្ត្រីមានតិចតួចស្ដួចស្ដើង ប៉ុន្តែ យ៉ាងណា អ្នកស្រីក៏នៅបន្តបំពេញការងារ ជម្នះនូវ ឧបសគ្គទាំងឡាយ ដើម្បីប្រយោជន៍រួមមួយ។
អ្នកស្រី ម៉ុន ភ័ស្ត ៖ «ការងារដែលខ្ញុំធ្វើនេះ វាមានប្រយោជន៍ច្រើនទៅដល់ ជាតិយើងទាំងមូល វាក៏ជាការរក្សាធនធានទុកឱ្យកូនខ្មែរយើងជំនាន់ក្រោយ បានស្គាល់ដែរ…ហើយកូនៗខ្ញុំក៏ជាអ្នកជំនាន់ក្រោយ ដែរ ។អីចឹងហើយ វាមិនខុសពីការជួយពួកគេដែរ»។
មិនថាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែជម្នះធ្វើការជូនជាតិ រក្សាព្រៃឈរ រក្សាសត្វព្រៃ រក្សាដែនអភិរក្ស ឱ្យគង់វង្ស ឱ្យសមជាប្រទេសដែលមាន អំណោយ ផលធនធានធម្មជាតិ៕
ដោយ៖កែវ បុស្បា

ads banner