ម្ចាស់យុទ្ធនាការមួយជំហានគ្មានប្លាស្ទីក៖ ប្រជាជនចង់ឃើញ យុទ្ធនាការ រើសសំរាមយើងមានជាបន្តបន្ទាប់ទៀត
ភ្នំពេញ៖យុទ្ធនាការមួយជំហានគ្មានប្លាស្ទីកជាយុទ្ធនាការដែលបង្កើតឡើងដោយក្រុមយុវជនពីររូប ក្នុងការធ្វើសកម្មភាពកម្ចាត់សំណល់ប្លាស្ទីកចេញពីបរិស្ថាន។ យុទ្ធនាការនេះ ធ្វើឡើងនៅតាមបណ្ដាខេត្ត ចំនួនប្រាំ ដែលសុទ្ធសឹងតែជា ខេត្ត មាន សក្តានុពលទេសចរណ៍ខ្លាំង។
រាល់ការចុះទៅកាន់ខេត្តនីមួយៗ នឹងមានការប្រមូលផ្ដុំក្រុមយុវជនដែលស្ម័គ្រ ចិត្តចូលរួម និងមានការអំពាវនាវបន្ថែមអំពីប្រជាជនក្នុងតំបន់សម្រាប់ការ ចូលរួមបន្ថែម។ ក្រោយប្រមូលផ្ដុំគ្នាបាន ពួកគេនឹងចេញដើររើសសំរាមតាម គោលដៅ ផ្សេងៗគ្នា ហើយសំរាមដែលប្រមូលបាននឹងត្រូវបែងចែកយកទៅ កែច្នៃបន្តទៀត។
ដោយឡែក ខេត្តបាត់ដំបងគឺជាខេត្តចុងក្រោយដែលយុទ្ធនានេះបានធ្វើកាល ពីថ្ងៃទី ២៩ ខែមករា កន្លងទៅ ហើយបន្ទាប់ពីនេះទៅ យុទ្ធនាការនឹងត្រូវ បិទបញ្ចប់ ហើយអាចនឹងបន្តធ្វើទៀតប្រសិន បើទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ។
កញ្ញា វីរៈ មូនីកា ដែលជាសហស្ថាបនិកនៃយុទ្ធនាការ «មួយជំហាន គ្មានប្លាស្ទីក» បានឱ្យដឹងថា នៅក្នុងគម្រោងរបស់យុទ្ធនាការទាំងមូល គឺធ្វើត្រឹមតែក្នុងខេត្តចំនួនប្រាំនេះប៉ុណ្ណោះ ដូច្នេះខេត្ត បាត់ដំបង គឺ ជាខេត្តចុងក្រោយហើយសម្រាប់ការប្រារព្ធយុទ្ធនាការនេះ។
បើតាមការឱ្យដឹងពីយុវតីរូបនេះដដែលថា មានការចូលរួមយុទ្ធនាការក្នុងខេត្ត បាត់ដំបងប្រមាណជាង មួយពាន់នាក់ ពីសំណាក់សហគមន៍ទេសចរណ៍ នានា មន្ទីរបរិស្ថានខេត្ត មន្ត្រីសាលាក្រុងបាត់ដំបង និងសិស្សានុសិស្ស នៅខេត្ត បាត់ដំបងផងដែរ។
កញ្ញា វីរៈមូនីកា បានប្រាប់ថា ៖ «ក្រោយបញ្ចប់យុទ្ធនាការនេះទៅ យើង ឃើញ ថាមានបញ្ចេញមតិពីស្ថាប័នពាក់ព័ន្ធ ដោយពួកគាត់ចង់ឱ្យមាន យុទ្ធនាការនេះបន្តទៀត»។ចង់ឱ្យបន្តទៅមុខទៀតក៏ ដោយសារ តែ កន្លងមកយុទ្ធនាការ «មួយជំហានគ្មានប្លាស្ទីក» មិនត្រឹមតែ ប្រមូលផ្ដុំគ្នា ដើម្បីរើសសំរាមនោះទេ ប៉ុន្តែក៏បានបញ្ច្រៀបចំណេះដឹងទៅដល់អ្នកចូលរួម និងប្រជាពលរដ្ឋ ឱ្យពួកគេបានដឹងអំពីផលប៉ះពាល់នៃកាកសំណល់ ប្លាស្ទីកដែលបានបោះចោលទៅក្នុងបរិស្ថាន។ម្យ៉ាងទៀតក្រុមការងារធ្វើយុទ្ធនាការនេះក៏បានឱ្យប្រជាជនដឹងផងដែរថាប្លាស្ទីកដែលប្រមូលបាននឹងត្រូវយកទៅធ្វើអ្វីបន្តទៀត ដើម្បីកាត់បន្ថយ ការ ប៉ះពាល់ទៅលើបរិស្ថាន។
ក្រៅពីនេះ យុទ្ធនាការនេះក៏តែងតែលើកទឹកចិត្តឱ្យប្រជាជនព្យាយាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ដោយជំនួសមកវិញនូវសម្ភារៈបរិស្ថាន ដែលអាចឱ្យពួកគេប្រើប្រាស់ឡើងវិញបាន។ប៉ុន្តែយ៉ាងណា យុទ្ធនាការ នេះក៏បានសម្រេចទៅតាមការគ្រោងទុកហើយដែរ ពោលគឺរួចក្នុង ខេត្តចំនួនប្រាំនេះតែម្តង។សម្រាប់ការអំពាវនាវរបស់ភាគីពាក់ព័ន្ធទៅលើការបន្តយុទ្ធនាការនេះទៀត កញ្ញា វីរៈ មូនីកា បានបញ្ជាក់ថា អាស្រ័យទៅលើការទទួលបានការគាំទ្របន្ត ទៀត។ គាំទ្រ គឺទាំងការចូលរួមជាកម្លាំង និងចូលរួមផ្ដល់ជាជំនួយហិរញ្ញវត្ថុ ព្រោះបើមិនមានជំនួយហិរញ្ញវត្ថុទេ យុទ្ធនាការក៏ពិបាកនឹង ធ្វើដំណើរទៅមុខ ទៀត ដែរ។
បើទោះជាយ៉ាងនេះក៏ដោយ កញ្ញា និងក្រុមយុវជនដែលបានរួមចំណែក ជួយយុទ្ធនាការនេះកន្លងមក មានការសប្បាយចិត្ត ដែលសកម្មភាពទាំង នេះបានចេញជាផ្លែផ្កា ជាពិសេសបានធ្វើឱ្យប្រជាជនមាន ការយល់ដឹង កាន់តែច្រើនអំពីការគ្រប់គ្រងសំណល់ប្លាស្ទីក។
សូមរំឮកថា យុទ្ធនាការនេះត្រូវបានបង្កើតឡើងកាលពីខែកក្កដាឆ្នាំ២០២២ ដោយបានបង្កើតសកម្មភាពរើសសំរាមនៅរាជធានី-ខេត្តចំនួនប្រាំក្នុង នោះមាន ខេត្តកែប ខេត្តសៀមរាប ខេត្តក្រចេះ រាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ដែលជាខេត្តចុងក្រោយ។
កន្លងមកយុទ្ធនាការនេះបានប្រមូលសំរាមក្នុងចំនួនផ្សេងៗគ្នា ដូចជា ខេត្តកែប ប្រមូលបាន៥០០គីឡូក្រាម ខេត្តសៀមរាបប្រមូលបាន ១២០០ គីឡូក្រាម ខេត្តក្រចេះប្រមូលបាន ៥០០ គីឡូ រាជធានីភ្នំពេញប្រមូល បានសំរាមមួយម៉ឺនតោននិងចុងក្រោយនៅខេត្តបាត់ដំបង ប្រមូលបាន សំរាមប្លាស្ទីក ចំនួន ៣៥០គីឡូ និងកាកសំណល់ទូទៅប្រមាណ ៨២០គីឡូ ក្រាម៕
ដោយ៖កែវ បុស្បា