សេដ្ឋកិច្ចប៉ាគីស្ថានកំពុងឆ្ពោះទៅរកការដួលរលំ ក្រោមបញ្ហាប្រឈម ផ្សេងៗរួមទាំងការហក់ឡើងនៃតម្លៃទំនិញ
អ៊ីស្លាម៉ាបាដ៖សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាននាពេលនេះកំពុងស្ថិត នៅ ក្នុងស្ថានភាពដុនដាបខ្លាំង ដោយឆ្ពោះទៅរកការដួលរំលំ ដោយសារតែការ ហក់ឡើងនៃតម្លៃទំនិញ និងការដាច់ភ្លើងប្រើប្រាស់ បន្ថែមពីលើបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចផ្សេងៗទៀតដែលមានស្រាប់។ នេះបើតាមការចុះផ្សាយរបស់ បណ្ដាញព័ត៌មាន CNN។
តាមការឱ្យដឹងរបស់ធនាគារកណ្ដាលកាលពីថ្ងៃព្រហស្បតិ៍ ទុនបម្រុង រូបិយប័ណ្ណ បរទេសរបស់ប៉ាគីស្ថានបានធ្លាក់ចុះម្តងទៀតមកត្រឹម ៣,១ ប៊ីលានដុល្លារ ដែលអាចចំណាយលើការនាំចូលត្រឹមតែរយៈ ពេលបី សប្តាហ៍ប៉ុណ្ណេះ ខណៈប្រទេសនេះប្រឈមមុខនឹងកង្វះខាតប្រាក់ដុល្លារ។
ក្រោមស្ថានភាពត្រដាបត្រដួសបែបនេះ គេមើលឃើញថា តម្លៃនៃសម្ភារៈ សំខាន់ៗដូចជាអាហារ និងថាមពលកំពុងកើនឡើងខ្ពស់កប់ពពក ស្រប ពេលដែលការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសកាលពីខែមុន បានធ្វើឱ្យ ប្រជាពលរដ្ឋប៉ាគីស្ថានកាន់តែប្រឈមមុខ។ ការដាច់ភ្លើងបានធ្វើឱ្យប៉ាគីស្ថានជាប់គាំងក្នុងភាពងងឹត និងបង្ខំឱ្យមន្ទីរ ពេទ្យពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុង ខណៈមន្ត្រីរបស់ប្រទេសក៏មិន បាន កំណត់ពីមូលហេតុនៃការដាច់ភ្លើង។
នាពេលនេះសម្ពាធកំពុងកើនឡើងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Shehbaz Sharif ឱ្យចរចាដើម្បីទទួលបានហិរញ្ញប្បទានសង្គ្រោះបន្ទាន់ រាប់ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (អាយអឹមអេហ្វ,IMF) ដែលបញ្ជូនគណៈប្រតិភូមួយក្រុមទៅប៉ាគីស្ថាន ដើម្បីពិភាក្សាអំពី កម្មវិធី ផ្តល់មូលនិធិជំនួយសេដ្ឋកិច្ចដល់ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។ ប្រាក់រូពី ដែលជារូបិយប័ណ្ណប៉ាគីស្ថាន ថ្មីៗនេះបានធ្លាក់ចុះដល់កម្រិតទាបថ្មី ធៀប នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយការគ្រប់គ្រង រូបិយប័ណ្ណ ដើម្បីបំពេញតាមលក្ខខណ្ឌផ្តល់ប្រាក់កម្ចីរបស់ អាយអឹមអេហ្វ ដែលធ្វើឱ្យតម្លៃទំនិញកើនឡើង។
អ្នកសេដ្ឋកិច្ចនិយាយថា ប៉ាគីស្ថានកំពុងជួបប្រទះនូវ «វិបត្តិតុល្យភាពនៃការ ទូទាត់»។ ប្រទេសនេះបានចំណាយលើពាណិជ្ជកម្មច្រើនជាងអ្វីដែល ខ្លួន បាននាំចូល ធ្វើឱ្យភាគហ៊ុនរូបិយប័ណ្ណបរទេសរបស់ប្រទេស និងតម្លៃប្រាក់ រូពី ធ្លាក់ចុះ។ បញ្ហាទាំងនេះធ្វើឱ្យការទូទាត់ការប្រាក់លើបំណុលពីអ្នកផ្ដល់ប្រាក់ខ្ចីបរទេសមានតម្លៃថ្លៃជាងមុន ហើយជំរុញឱ្យតម្លៃនៃការនាំចូលទំនិញនៅតែកើនឡើង ដែលទាមទារឱ្យមានការដកប្រាក់បម្រុងទុកយកទៅប្រើកាន់តែច្រើន។
មិនត្រឹមតែប៉ុណ្ណេះ ប៉ាគីស្ថានក៏កំពុងជួបប្រទះនឹងការឡើងថ្លៃយ៉ាងខ្លាំងផង ដែរ។ ធនាគារកណ្តាលរបស់ប្រទេសនេះ បានដំឡើងអត្រាការប្រាក់ដ៏ខ្ពស់ ដល់ ១៧ ភាគរយ ដើម្បីទប់ស្កាត់អតិផរណានៃសន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ (CPI) ប្រចាំឆ្នាំ ដែលកើនឡើងដល់ ២៧,៦ ភាគរយនៅខែមករា កន្លងទៅ។
ប្រធានផ្នែកស្រាវជ្រាវការវិនិយោគនៅក្រុមហ៊ុនមូលបត្រប៉ាគីស្ថានធំបំផុត Arif Habib លោក Tahir Abbas បានថ្លែងថា បញ្ហាមួយចំនួនដែល ប្រទេសនេះប្រឈមគឺស្ថិតនៅក្នុងប្រទេសជាក់ស្ដែង ដូចជាអស្ថិរភាព នយោបាយ និងការខិតខំប្រឹងប្រែងដើម្បីជំរុញរូបិយប័ណ្ណរបស់ខ្លួន ដែល ដាក់បន្ទុកលើការវិនិយោគ និងការនាំចេញជាដើម។
មិនត្រឹមតែប៉ុណ្ណេះ ទឹកជំនន់ដ៏សាហាវកាលពីឆ្នាំមុន ក៏ធ្វើឱ្យប៉ាគីស្ថាន ស្ថិតក្នុងភាពងាយរងគ្រោះយ៉ាងខ្លាំង ដែលតម្រូវឱ្យប្រទេសត្រូវការ ប្រាក់ យ៉ាងហោចណាស់ ១៦ ប៊ីលានដុល្លារ (តាមការប៉ាន់ស្មានរបស់ធនាគារ ពិភពលោក) ដើម្បីស្ដារប្រទេសឡើងវិញ។
បញ្ហាសកលបច្ចុប្បន្នកំពុងធ្វើឱ្យស្ថានភាពរបស់ប៉ាគីស្ថានកាន់តែដុនដាបទៅៗ។ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក បានដាក់បន្ទុកលើតម្រូវការនាំ ចេញរបស់ប៉ាគីស្ថាន ខណៈការហក់ឡើងខ្ពស់នៃតម្លៃប្រាក់ដុល្លារ អាមេរិក កាលពីឆ្នាំមុន បន្ថែមសម្ពាធទៅលើប្រទេសដែលនាំចូលអាហារ និង ប្រេងឥន្ធនៈក្នុងបរិមាណច្រើនមួយនេះ។ ភាពពិតជាក់ស្ដែងមួយទៀតគឺថា តម្លៃទំនិញទាំងនេះ បានកើនឡើងរួចស្រេចហើយ ដោយសារជំងឺរាតត្បាត និងសង្គ្រាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
កន្លងទៅ អាយអឹមអេហ្វ បានព្រមានម្តងហើយម្តងទៀតថា បញ្ហាប្រឈម របស់ពិភពលោកនឹងបន្ថែមសម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសប្រាក់ចំណូលទាប។ ទោះបីជាអាយអឹមអេហ្វ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេស មានទីផ្សារកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នឹងមានកំណើនតិចតួច ប្រាក់ដុល្លារលែងឡើងថ្លៃខ្ពស់ អតិផរណាពិភពលោកធ្លាក់ចុះ ហើយការ បើកឡើងវិញនៃប្រទេសចិនបង្កើនតម្រូវការក្នុងឆ្នាំ ២០២៣ នេះក៏ដោយ ក៏បញ្ហាបំណុលនៅតែជាកង្វល់។
អាយអឹមអេហ្វ បានប៉ាន់ប្រមាណក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ដែលចេញផ្សាយកាលពីចុងខែមករានេះ ថា ១៥ ភាគរយនៃបណ្តា ប្រទេសដែលមានប្រាក់ចំណូលទាប កំពុងជួបនូវបញ្ហាមិនអាចសង បំណុល បានរួចហើយ ខណៈ ៤៥ ភាគរយផ្សេងទៀតមានហានិភ័យខ្ពស់នៃការគ្មាន លទ្ធភាពសងបំណុល។ ស្ថាប័នផ្ដល់ប្រាក់កម្ចីអន្តរជាតិដដែល បានសរសេរ គូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ការរួមបញ្ចូលគ្នានៃកម្រិតបំណុលខ្ពស់ ពីជំងឺ រាតត្បាត កំណើនសេដ្ឋកិច្ចទាប និងការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់ ធ្វើឱ្យភាពងាយរងគ្រោះនៃប្រទេសទាំងនេះកាន់តែធ្ងន់ធ្ងរឡើង»។
ចំពោះប៉ាគីស្ថានវិញ វិនិយោគគិន និងសេដ្ឋវិទូមួយបានលើកឡើងថា ដើម្បី ជៀសវាងការមិនអាចសងបំណុលបាន លុះត្រាតែការពិភាក្សាជាមួយ អាយអឹមអេហ្វ ដើម្បីចាប់ផ្តើមកម្មវិធីកម្ចីជំនួយឡើងវិញ សម្រេចបាន ជោគជ័យ។ អ្នកខ្លះនិយាយថា ប្រាក់កម្ចីរបស់ អាយអឹមអាយ គឺសំខាន់ខ្លាំង ណាស់សម្រាប់ប៉ាគីស្ថានយកទៅប្រើដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។
អ្នកជំនាញផ្សេងទៀតយល់ឃើញថា ភាពជោគជ័យលើការចរចាជាមួយ អាយអឹមអេហ្វ មិនអាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ ដោយសារ តែបញ្ហាចម្បងដែលញាំញីប៉ាគីស្ថាននាពេលនេះ ក៏ជាប់ទាក់ទងនឹងវិបត្តិ នយោបាយក្នុងស្រុក ស្របពេលដែលបញ្ហាសន្តិសុខក៏ធ្លាក់ចុះ ក្រោមការវាយ ប្រហារភេរវកម្ម។
គួររំឭកថា វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន គឺជាចំណុចស្នូល នៃ ជម្លោះ នយោបាយរវាងលោក Sharif និងលោកអតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ ដែលត្រូវសភាបោះឆ្នោតដកសេចក្ដីទុកចិត្តទម្លាក់ចេញពីដំណែងកាលពីខែមេសាឆ្នាំមុន ក្រោមបទចោទប្រកាន់ថាគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវ។ ប៉ុន្តែក្រោយលោក Sharif ឡើងកាន់តំណែង សេដ្ឋកិច្ចរបស់ប្រទេសក៏នៅតែ បន្ត ដុនដាប៕
ដោយ៖ហួន ឌីណា