មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា បានជួបពិភាក្សា ការងារទ្វេភាគី និងសម្រេចចុះ ហត្ថលេខាលើ ឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ​របស់គណៈ​ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ល្អជិតស្និទ្ធដែលមានកន្លងមករវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណ​ចំពោះភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា ជាពិសេស​លើការកសាងសមត្ថភាពតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនលើមុខជំនាញជាច្រើន។

សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថា​ជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ឱ្យកាន់តែ​សកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាន​នូវសមិទ្ធផល​ផ្លែផ្កាបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner