អ្នកនិពន្ធសៀវភៅសម្តែងការខកចិត្ត នៅពេលសំណេរមិនសូវមាន អ្នកចាប់អារម្មណ៍

អត្ថបទដោយ៖
CPA

សៀមរាប៖ នាចុងខែមករា កន្លងទៅនេះបណ្ណាល័យសៀមរាប បាន ប្រារព្ធ ពិធីរម្លឹកខួបមួយឆ្នាំនៃការបង្កើតបណ្ណាល័យរបស់ខ្លួន។ ពិធី នេះធ្វើឡើង នៅក្នុងទីតាំងបណ្ណាល័យនេះតែម្ដងដែលមានទីតាំងនៅជិតវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការដាក់តាំងសៀវភៅសម្រាប់អាន និងដាក់លក់ជាច្រើននាពិធីនេះដែរ។

កញ្ញា វ៉ាន់ ចាន់ណារ៉ី បណ្ណារក្សនៃបណ្ណាល័យសៀមរាប បានប្រាប់ឱ្យដឹងថា នាពិធីនេះមានរៀបចំនូវស្ដង់សៀវភៅចំនួន ២៣ ស្ដង់ ដែលសរុបចំនួន ២០ អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ដែលបានចូលរួមដាក់តាំងសៀវភៅ ក្នុងកម្មវិធីនេះ ហើយចំពោះចំនួនអ្នកចូលរួម និងអានសៀវភៅ មានចំនួន រហូតជាង ២ ០០០ នាក់ផងដែរ។

កញ្ញាបានបញ្ជាក់ថា ៖ «បណ្ណាល័យមិនសូវជាប្រឈមមុខនឹងបញ្ហា ច្រើន ប៉ុន្មានទេ ដោយសារជាកម្មវិធីដំបូងដែលខាងបណ្ណាល័យបានរៀបចំឡើង អ៊ីចឹងហើយបញ្ហាមួយចំនួនដែលយើងប្រឈមមុខគឺ ខ្វះខាតទីធ្លា នៃការ ប្រព្រឹត្តិកម្មវិធី និងការខ្វះខាតថវិការមួយចំនួនសម្រាប់រៀបចំកម្មវិធី ក្នុង រយៈ ពេលវែងប៉ុណ្ណោះ»។

នាពិធីនោះអ្នកនិពន្ធ ទ្រី សម្ផស្ស ដែលបានចូលរួមផងដែរនោះ បានសម្ដែង ចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធីនោះដោយបានលើកឡើងថា អ្នក ចូលរួមមានតិចតួចណាស់ ដែលសម្រាប់លោកឈរលក់សៀវភៅកុមារ នៅពេលនោះ គឺយល់ថាពិតជាពិបាកណាស់ និងខកចិត្ត ដោយសារលោក មិនសូវឃើញមានឪពុកម្តាយនាំកូនៗរបស់ពួកគាត់មកចូលរួមមិនសូវមានសិស្សសាលាចាប់អារម្មណ៍នឹងការបង្ហាញសៀវភៅ រួមនឹងទីតាំងតូចចង្អៀតផង ដែរ។

ក្រៅពីលោក ទ្រី សម្ជស្ស ក៏នៅមានអ្នកនិព្ធជាច្រើនរូបទៀតបានបង្ហាញ ចំណាប់ អារម្មណ៍ ដូចៗគ្នាថា ការរៀបចំមិនសូវបានល្អ ទើបធ្វើឱ្យអ្នក ចូលរួមមានចំនួនតិច។

អ្នកនិពន្ធ ធឿន សុធា ដែលបានចូលរួមក្នុងកម្មវិធីនោះដែរ បាន បង្ហាញ ចំណាប់ អារម្មណ៍ថា ៖ «កម្មវិធីមានរយៈពេលខ្លី ទីធ្លាតូច ការ ផ្សព្វផ្សាយមិនសូវទូលាយ អ្នកអានទទួលបានព័ត៌មានតិច ទើបធ្វើ ឱ្យសៀវភៅដែលដាក់តាំងមានអ្នកអានតិច»។

ដោយកម្មវិធីធ្វើក្នុងរយៈពេលខ្លី កញ្ញា វ៉ាន់ ចាន់ណារ៉ី បណ្ណារក្សនៃ បណ្ណាល័យ សៀមរាប បានបង្ហាញពីគោលជំហរ និងទិសដៅបណ្ណាល័យ ទៅថ្ងៃខាងមុខនឹងរៀបចំឱ្យបានល្អប្រសើរជាងនេះ។

កញ្ញាបញ្ជាក់ថា ៖ «សម្រាប់យុទ្ធសាស្រ្ដ ពួកយើងនឹងខិតខំស្វែងរកដៃគូ សហការដើម្បីរៀបចំកម្មវិធីនេះឱ្យកាន់តែធំ និងផ្ដល់ឱកាសជាច្រើនដល់ យុវជនក៏ដូចជាក្មេងៗជំនាន់ក្រោយផងដែរ ហើយពួកយើងគ្រោងនឹង រៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយវិស័យអំណាន នៅកម្ពុជាឱ្យកាន់រីកសុះសាយបន្ថែមទៀត»។

សូមបញ្ជាក់ថា ក្រោយពីស្ថានភាពជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ទៅ អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ ក៏ដូចជាស្ថាប័នមួយចំនួនទៀតបានបង្កើត ឱ្យ មានកម្មវិធីជួបជុំអាន ការតាំងបង្ហាញសៀវភៅ និងការលក់សៀវភៅជាបន្ត បន្ទាប់គ្នា ដែលកម្មវិធីបែបនេះមានធ្វើស្ទើរតែគ្រប់ខេត្តក្រុងក្នុងព្រះរាជា ណាចក្រកម្ពុជា៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner