រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្រាយផ្លូវមួយចំនួន ដើម្បីធ្វើការដង្ហែសព លោកជំទាវ ប៊ុន សុថា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង ធ្វើការ បង្វែរទិសចរាចរណ៍សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរនៅលើផ្លូវមួយចំនួនដែលនឹងត្រូវយកសម្រាប់ដង្ហែសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាប្អូនស្រីបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅកាន់ វត្តបទុមវតី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី៥ ខែកុម្ភៈ ស្តីពីការដង្ហែសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា ក្រុមគ្រួសារនៃសពនឹងធ្វើពិធី ដង្ហែ សពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នាវេលាម៉ោង ៧:00 ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃ សព ផ្ទះលេខ៦៦ រួចបន្តតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០។

ក្បួនដង្ហែសពនឹងបន្តទៅតាមរង្វង់មូលគួចកាណុង បត់តាមបណ្តោយ មហាវិថី ព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាសេ បន្តក្បួនដង្ហែតាមមហាវិថី ព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្ត តាមមហាវិថីព្រះសីហនុ រហូតដល់មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធីនៅវត្តបទុមវតី។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ «ដើម្បីឲ្យពិធីដង្ហែសពប្រារព្ធ ទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែលក្បួនឆ្លងកាត់ ដូចនេះសូមប្រជាពលរដ្ឋមេត្តាប្រើប្រាស់ផ្លូវផ្សេង ក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឲ្យមានការខកខានដោយប្រការ ណាមួយ»។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ជាកូនទី៦ ក្នុងចំណោមបងប្អូន៦នាក់ (ស្រី៣នាក់ ប្រុស៣នាក់) ខណៈដែលសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាកូនទី៥។ លោកជំទាវ ប៊ុន សុថា បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយ រោគាពាធ ដោយសពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មរណភាពរបស់លោកជំទាវ ប៊ុន សុថា នាពេលនេះ ធ្វើឱ្យបង ប្អូនបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់ចំនួនបីនាក់ ហើយ ក្នុងនោះស្រីម្នាក់ និងប្រុសពីរនាក់៕
ដោយ៖ជា សុខនី

ads banner