ប្រមុខការពារជាតិអ៊ុយក្រែន៖ អាវុធរយៈចម្ងាយឆ្ងាយថ្មីរបស់លោកខាងលិចនឹងមិនប្រើសម្រាប់វាយប្រហារលើទឹកដីរុស្ស៊ីឡើយ

កៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ទីក្រុងកៀវនឹងមិនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយថ្មីបញ្ជូនពីលោកខាងលិច ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីនោះទេ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ បានប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា កាលពីថ្ងៃសុក្រ ដៃគូរបស់យើងបានសម្រេចចិត្តផ្តល់ឱ្យយើង នូវអាវុធដែលមានសមត្ថភាពបាញ់ដល់ចម្ងាយ ១៥០គីឡូម៉ែត្រ។

យើងតែងតែប្រាប់ដៃគូរបស់យើងវិញថា យើងមានកាតព្វកិច្ចមិនប្រើប្រាស់អាវុធរបស់ដៃគូបរទេសប្រឆាំងនឹងទឹកដីប្រទេសរុស្ស៊ីឡើយ គឺប្រើសម្រាប់ប្រឆាំងនឹងអង្គភាពរបស់រុស្ស៊ីដែលកាន់កាប់ទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ដើម្បីដណ្តើមតំបន់ទាំងនោះរបស់យើងពីពួកគេមកវិញ។

ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថា ទីក្រុងកៀវរំពឹងថា នឹងមានការវាយប្រហាររបស់រុស្ស៊ីទ្រង់ទ្រាយធំបន្ថែមទៀតនៅចុងខែនេះ។ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ វិមានក្រឹមឡាំងនឹងប្រារព្ធខួបមួយឆ្នាំចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ ទោះបីជាយ៉ាងណា លោក រ៉េសនីកូវ បានថ្លែងអះអាងថា យើងត្រៀមខ្លួនជាស្រេចហើយដើម្បីប្រយុទ្ធ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner