ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀនចំនួន ៥៥នាក់ ដែលសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀនចំនួន ៥៥នាក់ ស្រី៦នាក់ ដែលនឹងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ។ ពិធីសំណេះសំណាលត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលប្រជុំព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ។

ឯកឧត្តម គីន គុណ អតីតសមាជិកគណបក្សភ្លើងទៀនបច្ចុប្បន្នជា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ថ្ងៃនេះឯកឧត្តមបានដឹកនាំតំណាងគណបក្សភ្លើងទៀន ថ្នាក់ខេត្ត និងក្រុងស្រុកទាំង៩នៃខេត្តរតនគិរី ចំនួន ៥៥នាក់ ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជា
ជនកម្ពុជាខេត្តរតនគិរី។

ឯកឧត្តមបានលើកឡើងថាថ្ងៃនេះគឺជាការជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ធម្មតា ពោលគឺមិនទាន់ដាក់ពាក្យសុំចូលនោះទេ។ហើយនៅពេលខាងមុខសមាជិកទាំងអស់ប្រមាណ ៨៦២នាក់ នឹងដាក់ពាក្យលាលែងពីគណបក្សភ្លើងទៀនហើយដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។

ឯកឧត្តម គីន គុណ បានបន្តទៀតថា មូលហេតុដែលពួកគាត់សម្រេចចាកចេញពីគណបក្សភ្លើងទៀនគឺដោយសារពួកគាត់បានតាមដានអំពីការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យពួកគាត់មានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ពិតជាមានការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឱ្យជីវភាពកាន់តែរីកចម្រើន។

ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនទាំងអស់ដែលបានចាកចេញពីគណបក្សភ្លើងទៀនដោយមិនមានការបង្ខិតបង្ខំហើយបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិ មានសុខសន្តិភាព។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព រក្សាបានស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឱ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕ដោយ គតិ យុត្ត

ads banner