ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ខេត្តកំពង់ចាម ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានលើកឡើងថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា រក្សាបាននូវសុខសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ត្រូវបានរៀបចំធ្វើនៅសាលាប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម កាលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បន្តថា ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីស្តាប់សេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងពិភាក្សារៀនសូត្រនូវចំណុចជោគជ័យ និងការប្រឈមមួយចំនួន ដែលយើងទាំងអស់គ្នាទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនាំឱ្យគណបក្សយើងឈ្នះភ្លូកទឹកភ្លូកដីលើគូប្រកួត និងធ្វើឱ្យគណបក្សយើងជាគណបក្សតែមួយគត់ ដែលបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តទៀតថា មហាសន្និបាត ចង់ឲ្យយើងស្វែងយល់ពីបទពិសោធន៍របស់គណបក្សប្រជាជនកម្ពុជា និងជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ពិសេសការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងជោគជ័យដ៏ធំធេងក្នុងយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងការពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដល់គ្រប់មូលដ្ឋានទូទាំងប្រទេស ស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋពីជម្ងឺដ៏កាចសាហាវនេះ។

ជាមួយនោះ មហាសន្និបាត ក៏ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការីនី សិល្បករ សិល្បការីនី កីឡាករ កីឡាការីនី អ្នកសារព័ត៌មាន គ្រឹស្ទបរិស័ទ បងប្អូនខ្មែរឥស្លាម ដើម្បីដឹងពីសុខទុក្ខ និងបង្ហាញពីការឯកភាពជាតិ និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ និងសាសនា។ ជោគជ័យមួយទៀត គឺ កម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលថ្នាក់តំបន់ និងកិច្ចប្រជុំពាក់ព័ន្ឋជាមួយបណ្តាមេដឹកនាំធំៗលើពិភពលោក ប្រកបដោយភាពរលូន និងសម្រេចបាននូវសមិទ្ឋផលជាច្រើន។ ឯកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា មហាសន្និបាតបានដាក់ចេញនូវគោលដៅជាយុទ្ឋសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ឋផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់។

គោលដៅជាយុទ្ឋសាស្ត្រទាំង៥នោះ រួមមាន៖ ទី១. ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ឋផលនៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថេរ, ទី២. កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ សេរី ពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខុដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ឋិមនុស្ស, ទី៣. កសាងប្រព័ន្ឋការពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ឋភាព និងចីរភាពហិរញ្ញវត្ថុដែលធានាដល់ការផ្តល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌការងារ និងការរស់នៅ, ទី៤. ជម្រុញការអនុវត្ត “កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឲ្យបានជាអតិបរិមារ និងទី៥. បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាជាមួយប្រទេសទាំងអស់លើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner