ឯកឧត្ដម អភិបាលខេត្តកណ្តាល បានផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិ យុវជនជាទំពាំងស្នងឬស្សី
ខេត្តកណ្ដាល៖ គ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅខេត្តកណ្តាល ផ្តល់អាហារូបករណ៍សិក្សា ១០០% រយៈពេល ៤ឆ្នាំ ដល់សមណនិស្សិត-និស្សិតកុលបុត្រខ្មែរគ្រប់រូបដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន ២០ជំនាញ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដំបូងក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រារព្ធធ្វើនៅបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីការថា សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅខេត្តកណ្តាល មិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរ ព្រមទាំងជាគ្រឹះស្ថានឧត្តមសិក្សា មិនគិតពី ផលចំណេញ ស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អាហារូបករណ៍សិក្សា ១០០% រយៈពេល៤ឆ្នាំ ដល់សមណនិស្សិត-និស្សិតកុលបុត្រខ្មែរគ្រប់រូបដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន ២០ជំនាញ ដូចជា៖ ប្រវត្តិសាស្ត្រខ្មែរ អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាបារាំង បរិស្ថានវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ភូមិវិទ្យា និងរៀបចំដែនដី វិទ្យាសាស្ត្រនយោបាយ នីតិរដ្ឋបាលសាធារណៈ នីតិឯកជន ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា វិស្វកម្មសំណង់អគារ វិស្វកម្មអគ្គីសនី ស្ថាបត្យកម្ម វិស្វកម្មអភិវឌ្ឍជនបទ កសិកម្ម អភិវឌ្ឍន៍សហគមន៍ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។
មានប្រសាសន៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កើតឡើងដោយមានការរួបរួមសាមគ្គីគ្នារវាង គណៈសង្ឃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល ក្រុមបញ្ញាវន្តខ្មែរ និងមហាពុទ្ធបរិស័ទ សប្បុរសជន គ្រប់ទិសទី។
ឯកឧត្ដម អភិបាលខេត្ត បន្តថា ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើង ដើម្បីជួយដល់ សមណនិស្សិត-និស្សិតដែលជាកុលបុត្រខ្មែរគ្រប់រូបមានឱកាស មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានគ្រប់គ្នាដោយ មានគោលបំណងធ្វើយ៉ាងណាឱ្យយុវជនខ្មែរទាំងអស់បានទទួលការអប់រំ និងការសិក្សាថ្នាក់ឧត្តមសិក្សាឱ្យបានគ្រប់គ្នាធ្វើ យ៉ាងណាឱ្យយុវជនខ្មែរមានក្រមសីលធម៌ មានចំណេះដឹង មានជំនាញបទពិសោធពិតប្រាកដ មានសមត្ថភាព មានប្រសិទ្ធភាព មានឧត្តមភាព ដើម្បីឧត្តមប្រយោជន៍ជាតិ និងសក្តានុពល ដើម្បីរួបរួមសាមគ្គីគ្នាថែរក្សាការពារនូវសន្តិភាព ជាតិ ដែលរកបានដោយកម្រ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងការពារជាតិស្របតាមគោលបំណងរបស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិ យុវជនជាទំពាំងស្នងឬស្សី ត្រូវបន្តសិក្សា ត្រូវធ្វើជាសិស្សដែលមាន ភាពឆ្លាតវៃ៕ដោយ-រ៉ាវុធ