ប្រធានផ្នែកសិទ្ធិមនុស្សរបស់ អ.ស.ប នៅម៉ាលី ត្រូវបានបណ្តេញចេញពីប្រទេស
បាម៉ាកូ៖ របបយោធានៅប្រទេសម៉ាលីបានសម្រេចចិត្ត បណ្ដេញប្រធានបេសកកម្មសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN)។
រដ្ឋាភិបាលរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសម៉ាលី បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបណ្តេញប្រធានផ្នែកសិទ្ធិមនុស្សនៃ បេសកកម្មស្ថេរភាពរួមបញ្ចូលគ្នាពហុភាគី របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ហៅកាត់ថា បេសកកម្ម «មីនូស្មា» (MINUSMA) ដោយទុកពេល ៤៨ ម៉ោង ដើម្បីចាកចេញពីប្រទេស។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីសកម្មជនសិទ្ធិមនុស្សម៉ាលីរូបនេះ កាលពីខែមុន បានបរិហារស្ថានការណ៍សន្តិសុខ នៅក្នុងប្រទេសម៉ាលី តាមរយៈការថ្លែងសុន្ទរកថា ទៅកាន់អង្គសន្និបាតរបស់អង្គការសហប្រជាជាតិ ហើយបានចោទប្រកាន់របបដែលខ្លួនហៅថា ជាដៃគូយោធារបស់រុស្ស៊ីថ្មីថា បានរំលោភសិទ្ធិ យ៉ាងធ្ងន់ធ្ងរ។
ក្រសួងការបរទេសម៉ាលីបានប្រកាសថា លោក គ្វីអាលូម ញ៉េហ្វា អាតូណូឌុក អេនដាលី (Guillaume Ngefa Atonodok Andali) ប្រធានផ្នែកសិទ្ធិមនុស្សរបស់បេសកកកម្ម មីនូស្មា (MINUSMA) គឺជាមនុស្ស ផឺសិនណា ណាន់ ហ្គ្រាតា (persona non grata) ដែលមានន័យតាមបែបកាទូតថា ជា «ជនបរទេសដែលមិនត្រូវបានស្វាគមន៍»។
ក្រសួងបានអះអាងតាមរយៈ សេចក្តីថ្លែងការណ៍ ដែលចេញដោយអ្នកនាំពាក្យ រដ្ឋាភិបាល គឺ លោកឧត្តមសេនីយ៍ អេបឌូឡាយ៉េ មៃហ្គា (Abdoulaye Maiga) ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «វិធានការនេះកើតឡើងបន្ទាប់ពីសកម្មភាពបង្កអស្ថិរភាព និងវិទ្ធង្សនា របស់លោក អេនដាលី »៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត