ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ នេះតទៅ
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌បាន នឹងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ ។
ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញ ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោល ទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាម ការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញ បែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕
ដោយ ៖ ប៊ុនធី និងភារ៉ា