ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានាពេលថ្មីៗនេះ បានរៀបចំ “សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារសម្រេចបាន ចាប់តាំងពីការបង្កើតរហូតមកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមិទ្ធផលធំៗដែលធនាគារទទួលបានរួមមាន៖ ១. បានផ្តល់ឥណទានដោយផ្ទាល់ជូនដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទានសរុបប្រមាណជា ៥៣,៤លានដុល្លារ។
២. បានបញ្ចប់ដោយជោគជ័យ នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យមជំហានទី១ និងទី២ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ១,៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ៣. បាននិងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណ ៤២លានដុល្លារ។
៤. បាននិងកំពុងដាក់ឲ្យដំណើរការសាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំបង និងសាខាផ្សារថ្មី។ ៥. បានអភិវឌ្ឍដៃគូអាជីវកម្មជាមួយនឹងសមាគមសហគ្រាសធុនតូច និងមធ្យមចំនួន ១០ ដើម្បីជំរុញការបញ្ចេញឥណទានដោយផ្ទាល់ទៅអតិថិជនគោលដៅ។ ៦. បានអភិវឌ្ឍផលិតផលឥណទានដោយផ្ទាល់ចំនួនពីរបន្ថែមទៀត គឺគម្រោងហិរញ្ញប្បទានមិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូបណ៍ (Overdraft Facility)។
៧. បានអនុវត្តបន្ថែមមុខងារក្នុងប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ធនាគារជាតិ នៃ កម្ពុជា (FAST 2.0) សម្រាប់ប្រាក់រៀល និងដុល្លារ ជាមួយ ២៧ធនាគារសមាជិក, បន្ថែមមុខងារផ្ដល់មូលប្បទានប័ត្រសាច់ប្រាក់ (Banker Cheque) និងការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិកជាបន្តបន្ទាប់ ដែលរហូតមកដល់ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦នាក់។
ជាមួយនឹងសមិទ្ធផលដែលទទួលបានខាងលើ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងនាមជាធនាគារគោលនយោបាយនឹងបន្តឆន្ទៈក្នុងការស្វែងរកនូវយុទ្ធសាស្ត្រល្អៗ ដើម្បីបន្តបម្រើសេវាកម្មធនាគារប្រកបដោយប្រសិទ្ធភាព និងគុណភាពជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ជាពិសេសផ្ដោតលើសហគ្រាសក្នុងវិស័យកម្មន្តសាល និងកែច្នៃផលិតផលកសិកម្ម ដើម្បីជួយគាំទ្រដល់ការអនុវត្ត “ក្រប-ខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣”៕
ដោយ៖ ទីណា