រញ្ជួយដីដ៏ខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច ជាង ៣៨០០នាក់ នៅតួកគី និងស៊ីរី
អង់ការ៉ា, ដាម៉ាស៖ ការរញ្ជួយដីដ៏ខ្លាំងបានសម្លាប់មនុស្សជាង ៣៨០០នាក់ នៅក្នុងប្រទេសទួកគី និង ប្រទេសស៊ីរី ដែលជាប្រទេសជិតខាងនឹងគ្នា។
ការរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសទួកគី និងស៊ីរី កាលពីថ្ងៃចន្ទ ទី៦ កុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣៨០០នាក់ហើយ និងបានធ្វើឱ្យអគាររាប់ពាន់ខ្នងត្រូវខ្ទេច រាបស្មើ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែង ក្នុងការបន្តរុករកក្រុមអ្នកនៅរស់រាន។
ប្រទេសរាប់សិបប្រទេសបានសន្យាផ្តល់ជំនួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ ដែលបានវាយប្រហារខណៈដែលមនុស្សកំពុងដេកលក់ និងចំពេលអាកាសធាតុត្រជាក់ ដែលបានរារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់។
អគារផ្ទះល្វែងច្រើនជាន់ដែលពោរពេញដោយអ្នករស់នៅ ដែលស្ថិតក្នុងប្លុកសំណង់ចំនួនជាង៥ពាន់កន្លែង ត្រូវបានបំផ្លាញទៅជាកម្ទេចថ្ម នៅក្នុងប្រទេសទួកគី ខណៈដែលប្រទេសស៊ីរីបានប្រកាសពីការដួលរលំរាប់សិបអគារ ក៏ដូចជា ការខូចខាតដល់ទីតាំងបុរាណវត្ថុក្នុងទីក្រុងអាឡិបប៉ូ។
អ្នកស្រី មេលីសា សាលមេន (Melisa Salman) អាយុ២៣ ឆ្នាំជាអ្នកយកព័ត៌មាន នៅទីក្រុង កាហារ៉ាមេនមារ៉ាស់ (Kahramanmaras) ភាគអាគ្នេយ៍នៃប្រទេសទួកគីបាននិយាយថា “នោះជាលើកទីមួយហើយដែលយើងធ្លាប់ជួបប្រទះរឿងបែបនេះ” ។
ប្រធានមជ្ឈមណ្ឌលរញ្ជួយដីជាតិរបស់ប្រទេសស៊ីរី លោក រ៉ាអិត អាដមិត្ត (Raed Ahmed) បានហៅវាថាជា “ការរញ្ជួយដីដ៏ធំបំផុតដែលត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តនៃមជ្ឈមណ្ឌលនេះ”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត