កូរ៉េខាងជើង អំពាវនាវឱ្យមានការពង្រឹងជំហរត្រៀមខ្លួនធ្វើសង្គ្រាម ពង្រីកសមយុទ្ធ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ នេះថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រីកសមយុទ្ធយោធា និងពង្រឹងជំហរ ត្រៀម ធ្វើសង្រ្គាមរបស់ប្រទេស។ នេះបានតាមការរាយការណ៍ បន្តរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

KCNA ផ្សាយថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈ កម្មការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច កាលពីថ្ងៃចន្ទ ដែលមន្ត្រីកូរ៉េខាងជើងបានពិភាក្សាគ្នាអំពី «កិច្ចការ យោធា និងនយោបាយសំខាន់ៗ» សម្រាប់ឆ្នាំ ២០២៣ នេះ និង «បញ្ហារយៈពេលវែងទាក់ទងនឹងការតម្រង់ទិសសម្រាប់ការពង្រឹងកងទ័ព» ។
KCNA បានគូសបញ្ជាក់ដោយសំដៅលើកងទ័ពប្រជាជនកូរ៉េ (KPA) ថា មានការសិក្សា និងពិភាក្សាគ្នា ពីការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់ KPA «ដើម្បីទប់ទល់នឹង ស្ថានការណ៍ដែលកំពុងកើតមាន និងធ្វើឱ្យមានភាពតឹងរ៉ឹងជាង នេះទៅទៀត លើការត្រៀមខ្លួនសម្រាប់សង្គ្រាម»។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងនៅពេលប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងធ្វើព្យុហយាត្រាយោធាដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធ។ បើតាមរ៉យទ័រ រូបភាពពីផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញពីកងទ័ពកូរ៉េខាងជើង ដែលកំពុងអនុវត្តក្បួនរបស់ខ្លួននៅទីក្រុងព្យុងយ៉ាង ខណៈកូរ៉េ ខាង ត្បូងក៏បាននិយាយផងដែរថា ខ្លួនកំពុងតាមដានសកម្មភាពពាក់ព័ន្ធ ដែលបានកើនឡើង។
កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរបន្ទាប់ពីកូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានថ្កោលទោសសមយុទ្ធដោយសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ដោយលើកឡើងថា សកម្មភាពយោធារបស់ពួកគេ បានឈានដល់ «បន្ទាត់ក្រហមខ្លាំង» និងគម្រាមបង្វែរឧបទ្វីបកូរ៉េ ទៅជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េ ខាងជើងបានថ្កោលទោសដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ហើយបាន និយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងកិច្ចសន្ទនានោះទេ ដរាបណាទីក្រុងវ៉ាស៊ីនតោនបន្តគោលនយោបាយអរិភាពរបស់ខ្លួន។

មុនការថ្កោលទោសនោះ លោក Austin និងសមភាគីកូរ៉េខាងត្បូង បានលើកឡើងថា ពួកគេនឹងពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ «ធនធានយុទ្ធសាស្ត្រ» បន្ថែមទៀតដូចជា នាវាផ្ទុកយន្តហោះ និង យន្តហោះ ទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹង ការអភិវឌ្ឍ អាវុធរបស់កូរ៉េខាងជើង និងទប់ស្កាត់សង្គ្រាម៕
ដោយៈហួន ឌីណា
ប្រភព៖ North Korea calls for strengthened war readiness posture, expanded drills https://www.channelnewsasia.com/asia/north-korea-kim-jong-un-expand-military-drills-war-readiness-3258746

ads banner