សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ថៃ មានការរីកចម្រើនជាលំដាប់
ភ្នំពេញ ៖ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាបន្តបន្ទាប់ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ឈើតគាត អាត់ថាកន ដែលការទទួលតំណែងជាឯកអគ្គរាជទូតរបស់ឯកឧត្តម គឺស្របពេលដែលទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល ៧២ឆ្នាំហើយ ។
សម្តេចមានជំនឿជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ។
ឯកឧត្តម ឈើតគាត អាត់ថាកន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ក្នុងនោះ ទំនាក់ទំនងមិតភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។
ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើកព្រំដែន សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាមព្រំដែន នៃប្រទេសទាំងពីរឡើងវិញ។ ឯកឧត្តមសង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈការបង្កើតក្រុមមិត្តភាពសភាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិការពហុភាគីក្នុងក្រប- ខ័ណ្ឌអន្តរសភា រួមមាន៖ AIPA, APF, ASEP និង IPU ជាដើម។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតថៃឡងដ៍ប្រចាំនៅព្រះរាជាណា- ចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរ ៕
ដោយ ៖ គ្រី សម្បត្តិ និង ប៊ុន ហុក