ប្រមុខការទូតរុស្ស៊ីសន្យាផ្តល់ជំនួយដល់រដ្ឋនៅអាហ្វ្រិកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមជីហាដ

បាម៉ាកូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាផ្តល់ជំនួយដល់រដ្ឋនៅអាហ្វ្រិកខាងលិច ដែលកំពុងប្រយុទ្ធជាមួយនឹងក្រុមជ្រុលនិយមជីហាដ ខណៈដែលទីក្រុងមូស្គូកំពុងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួនលើទ្វីបមួយនេះ នៅក្នុងជម្លោះការទូតរវាងមហាអំណាចពិភពលោក។

លោក ឡារូវ បានសាទរចំពោះសម្ព័ន្ធភាពដែលត្រូវបានបង្រួបបង្រួមរវាងទីក្រុងមូស្គូ និងទីក្រុងបាម៉ាកូក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់មកកាន់ប្រទេសម៉ាលី ដែលប្រមុខការទូតកំពូលរបស់រុស្ស៊ីរូបនេះបានពិពណ៌នាថា ជា “ប្រវត្តិសាស្ត្រ”។

លោក ឡាវរូវ បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីបាម៉ាកូថា ជាការពិតណាស់ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គឺជាបញ្ហាសម្រាប់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ ហើយថា យើងនឹងផ្តល់ជំនួយរបស់យើងដល់ពួកគេ ដើម្បីជម្នះការលំបាកទាំងនេះ។ លោកថា បញ្ហានេះគឺទាក់ទងនឹងប្រទេសហ្គីណេ, ប៊ីគីណា ហ្វាសូ និង ឆាដ រួមទាំងតំបន់ Sahel និងសូម្បីតែរដ្ឋឆ្នេរសមុទ្រនៅឈូងសមុទ្រហ្គីណេផងដែរ។

សូមរម្លឹកផងដែរថា ប្រទេសម៉ាលីបានពឹងផ្អែកលើអតីតមហាអំណាចអាណានិគមបារាំងជាយូរយារណាស់មកហើយ សម្រាប់ជំនួយយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរ។ ប៉ុន្តែទីក្រុងប៉ារីសបានដកកងទ័ពចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះកាលពីឆ្នាំមុន ខណៈដែលភាពតានតឹងជាមួយរបបយោធាដែលកំពុងកាន់អំណាចឈានដល់ចំណុចបំបែក។

ចាប់តាំងពីការដណ្តើមអំណាចក្នុងឆ្នាំ ២០២០មក របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសម៉ាលីបាននាំយកយន្តហោះរុស្ស៊ី ឧទ្ធម្ភាគចក្រ និងទាហានប៉ារ៉ា ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធជីហាដ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner