ក្រុមជួយសង្គ្រោះព្យាយាមជីកយកជនរងគ្រោះដោយរញ្ជួយដី ខណៈចំនួន អ្នកស្លាប់កើនដល់ជាង ៥ ០០០ នាក់នៅតួកគី និងស៊ីរី

អង់ការ៉ា៖ ប្រធានាធិបតីទួកគី លោក Tayyip Erdogan បានប្រកាសដាក់ ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងតំបន់ ខេត្តចំនួន ១០ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីចំនួនពីរលើក និងដែលបានសម្លាប់មនុស្សជាង ៥ ១០០ នាក់ និងបានបន្សល់ទុកនូវទ្រព្យ សម្បត្តិដែលត្រូវបានបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសតួកគី និងប្រទេសស៊ីរីទៀតផង។

មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រោះរញ្ជួយដី ក្រុមអ្នកជួយសង្គ្រោះជា ច្រើនពាន់នាក់បានចេញប្រតិបត្តិការក្នុងស្ថានភាពដ៏លំបាកជាខ្លាំង ពោល គឺត្រូវតស៊ូជីកយកមនុស្សចេញពីគំនរបាក់បែកនៃអគារដែលដួលរលំទាំងអស់នោះ។ ទំហំនៃគ្រោះមហន្តរាយកាន់តែធំធេងបែបនេះ ចំនួនអ្នកស្លាប់ ទំនង ជា នឹងកើនឡើងបន្ថែមទៀត។
មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានលើកឡើងថា «ខ្ញុំមានការភ័យខ្លាចថា កុមាររាប់ពាន់នាក់អាចនឹងត្រូវបានស្លាប់»។

អគាររាប់ពាន់ខ្នងត្រូវបានដួលរលំ មន្ទីរពេទ្យ និងសាលារៀនត្រូវបាន បំផ្លាញអស់ខ្ទេចខ្ទី ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានរងរបួស និង បាត់បង់ផ្ទះសម្បែងទាំងនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរី។ គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនេះ គឺជាគ្រោះធម្មជាតិដ៏កាចសាហាវ បំផុតមិនធ្លាប់កើតមាននៅក្នុងប្រទេសតួកគី គិតចាប់តាំងពីឆ្នាំ១៩៩៩ មក។ ដោយឡែក កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបានរំខានដោយអាកាស ធាតុ ត្រជាក់ខ្លាំង និងបានប៉ះពាល់ដល់ដំណើរការផ្តល់ជំនួយ ហើយបាន ធ្វើឱ្យស្ថានភាពអ្នកគ្មានផ្ទះសម្បែងកាន់តែវេទនាថែមទៀត។ មិនត្រឹម តែប៉ុណ្ណោះ តំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនីប្រើប្រាស់ទៀតផង។

ក្រុមមន្ត្រីដែលកំពុងចុះជួយសង្គ្រោះ បានសម្តែងការព្រួយបារម្ភ ជាពិសេស អំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី ដែលទទួលរងទុក្ខរួចមកហើយដោយ វិបត្តិមនុស្សធម៌ បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ ឆ្នាំ បែរជាត្រូវមកជួប គ្រោះមហន្តរាយដ៏កាចសាហាវបែបនេះទៀត។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ លោក Erdogan បានប្រកាសថា ខេត្តចំនួន ១០ របស់ប្រទេសតួកគីដែលរងផលប៉ះពាល់ដោយគ្រោះ មហន្តរាយមួយនេះ នឹងត្រូវដាក់ក្នុងភាពអាសន្នសម្រាប់រយៈពេលបី ខែខាងមុខ។ ការណ៍នេះនឹងអនុញ្ញាតឱ្យប្រធានាធិបតី និងគណៈ រដ្ឋមន្ត្រី ត្រូវបំពេញនីតិវិធីដោយត្រូវឆ្លងកាត់សភា ក្នុងការអនុម័តច្បាប់ថ្មី និងកំណត់ ក៏ដូចជាព្យួរសិទ្ធិ និងសេរីភាពមួយចំនួនរបស់ពលរដ្ឋតួកគី។

លោក Erdogan ដែលនឹងត្រូវរៀបចំ និងឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិ ក្នុងខែមិថុថា ខាងមុខ បានលើកឡើងថា រដ្ឋាភិបាលគ្រោងនឹងបើក សណ្ឋាគារ នៅ ក្នុងមជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុងអាន់តាល់យ៉ា (Antalya) នៅភាគខាងលិចប្រទេស ដើម្បីធ្វើជាកន្លែងស្នាក់នៅបណ្តោះ អាសន្ន សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីការរញ្ជួយដីមួយនេះ។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣ ៥៤៩ នាក់នៅក្នុងប្រទេសតួកគី។ ដោយឡែក បើយោងតាមរដ្ឋាភិបាល និងសេវាជួយសង្គ្រោះនៅភាគពាយព្យដែលកំពុងកាន់កាប់ដោយក្រុមបះបោរ បានឱ្យដឹងថា នៅក្នុងប្រទេសស៊ីរីវិញ ចំនួនអ្នកស្លាប់មានត្រឹមតែជាង ១ ៦០០ នាក់ប៉ុណ្ណោះ។

អាជ្ញាធរតួកគីបានបញ្ជាក់ថា មនុស្សប្រមាណ ១៣,៥ លាននាក់បានរងផល ប៉ះ ពាល់នៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីទីក្រុង អាដាណា (Adana) នៅភាគខាងលិច រហូតដល់ដល់ទីក្រុងឌីយ៉ាបាគៀ (Diyarbakir) នៅភាគខាងកើត និងចម្ងាយប្រមាណជា ៣០០ គីឡូម៉ែត្រពី ទីក្រុងម៉ាឡាតយ៉ា (Malatya) នៅភាគខាងជើង រហូតដល់ទៅខេត្តហាថាយ (Hatay) នៅភាគខាងត្បូង។ រីឯអាជ្ញាធរស៊ីរីវិញ បានរាយការថា អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីនេះបានកើតមាននៅឆ្ងាយរហូតដល់ទៅភាគខាងត្បូងនៃទីក្រុងហាម៉ា (Hama) ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីចំណុច កណ្តាល នៃតំបន់ចំណុចរញ្ជួយដី។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅទីក្រុងហ្សឺណែវថា «ឥឡូវ នេះវាជាការប្រកួតប្រជែងនឹងពេលវេលា។ រៀងរាល់នាទី រៀងរាល់ ម៉ោងដែលកន្លងផុតទៅ ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិត បានថយចុះបន្តិចម្ដងៗ»។ នៅទូទាំងតំបន់កើតហេតុ ក្រុមអ្នកជួយសង្គ្រោះ បានប្រឹងប្រែងពេញមួយយប់ និងរហូតដល់ព្រឹកព្រលឹម ដើម្បីស្វែងរក អ្នកនៅរស់រានមានជីវិត ខណៈដែលមនុស្សជាច្រើនទៀតកំពុងរង់ចាំមើល នៅ ខាងក្រៅគំនរបាក់បែក ដោយមានក្តីសង្ឃឹមថា មិត្តភក្តិ និងសាច់ញាតិ របស់ពួកគេអាចនឹងត្រូវបានរកឃើញនៅរស់រានមានជីវិត។

នៅក្នុងប្រទេសតួកគី ទីក្រុងអាន់តាកយ៉ា (Antakya) នៃខេត្តហាថាយ ដែលស្ថិតនៅជិតព្រំដែនប្រទេសស៊ីរី គេបានឮសំឡេងស្ត្រីម្នាក់ បានស្រែក អំពាវនាវឱ្យជួយនៅក្រោមគំនរបាក់បែក។ រីឯក្រុមអ្នកកាសែត Reuters បានឃើញសាកសពក្មេងតូចម្នាក់ដេកស្លាប់នៅក្បែរនោះទៀតផង។ កំពុងស្រែកយំក្រោមដំណក់ទឹកភ្លៀង ពលរដ្ឋម្នាក់ដែលមានឈ្មោះ ថា ដេនីស្ស (Deniz) បានឈរឱបដៃទាំងអស់សង្ឃឹម។

លោកបានមានប្រសាសន៍ថា «ពួកគេកំពុងតែបន្លឺសំឡេង ប៉ុន្តែគ្មាននរណា មកជួយទេ។ យើងខ្ទេចខ្ទីអស់ហើយ យើងខ្ទេចខ្ទីអស់ហើយ ព្រះអើយ… ពួកគេ កំពុងស្រែកថា “ជួយយើងផង” ប៉ុន្តែយើងមិនអាចជួយសង្គ្រោះ ពួកគេបានទេ តើយើងនឹងជួយសង្គ្រោះពួកគេដោយរបៀបណាទៅ? អត់ទាន់មានអ្នកជួយសង្គ្រោះមកដល់ទេតាំងពីព្រឹកព្រលឹមមកហើយ»។ លើសពីនេះ មានគ្រួសារខ្លះបានដេកក្នុងរថយន្ត ដែលកំពុងចតតម្រង់ជួរ គ្នានៅតាមដងផ្លូវ។

កញ្ញា អាយឡា (Ayla) កំពុងឈរក្បែរគំនរកម្ទេចថ្មអគារប្រាំបីជាន់ ហើយ បាននិយាយថា កាលពីថ្ងៃចន្ទ នាងបានបើកឡានឆ្ពោះមកកាន់ខេត្តហាថាយ ដោយចេញដំណើរពីទីក្រុង Gaziantep ដើម្បីទៅស្វែងរកម្តាយរបស់នាង។ ខណៈក្រុមអ្នកជួយសង្គ្រោះមកពីនាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីស្តង់ប៊ុល កំពុង ធ្វើការនៅក្នុងអគារបាក់បែកនៅក្បែរនោះ។ នាងបានថ្លែងថា «រហូតមកទល់ ពេលនេះ គេមិនទាន់អាចរកឃើញអ្នកនៅរស់នៅឡើយទេ»។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) របស់ប្រទេស តួកគី បានឱ្យដឹងថា អគារចំនួន ៥ ៧៧៥ ខ្នងត្រូវបានបំផ្លិចបំផ្លាញដោយ ការរញ្ជួយដីមួយនេះ ហើយមនុស្សជាងពីរម៉ឺននាក់បានរងរបួស។ រូបភាពពីយន្តហោះគ្មានមនុស្សបើកមួយដែលបានហោះពីលើខេត្តហាថាយ បង្ហាញពីប្លុកមួយដែលមានផ្ទះល្វែងយ៉ាងច្រើន បានដួលរលំគរជាន់លើគ្នា ដែលនេះបង្ហាញថាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាមានច្រើនជាងចំនួន សរុបបច្ចុប្បន្ន។

នៅទីក្រុងហ្សឺណែវ អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) លោក James Elder បានលើកឡើងថា «ការរញ្ជួយដីដ៏កាចសាហាវនេះ ប្រហែល ជាបានសម្លាប់កុមាររាប់ពាន់នាក់»។ លោកបានបន្តថា សាលារៀន មន្ទីរពេទ្យ និងបរិក្ខារពេទ្យ និងអគារអប់រំជាច្រើនទៀត ត្រូវបានខូចខាតទាំងអស់។ លោកបានបន្ថែមថា ជនភៀសខ្លួននៅភាគពាយព្យប្រទេសស៊ីរី និងនៅតួកគី គឺជាក្រុមមនុស្សដែលងាយរងគ្រោះបំផុត និងដែលរងផលប៉ះពាល់ខ្លាំងជាង គេបំផុត។

នៅទីក្រុងហាម៉ា (Hama) ប្រទេសស៊ីរីវិញ លោក Abdallah al Dahan បានគូសបញ្ជាក់ថា ពិធីបុណ្យសពគ្រួសារជាច្រើនបានធ្វើឡើងកាលពី ថ្ងៃអង្គារ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា «វាជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់ខ្លាំងបំផុត។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែល បានឃើញរឿងអ្វីដែលសោកសៅដូចព្រឹត្តិការណ៍នេះនោះទេ»។

គួរកត់សម្គាល់ថា វិហារអ៊ិស្លាមជាច្រើនកន្លែងបានបើកទ្វារទទួលដល់ គ្រួសារណាដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីមួយឈ្មោះថា SANA បានរាយការណ៍ថា ចំនួន អ្នកស្លាប់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាលស៊ីរីបានកើនឡើងដល់ ៨១២ នាក់។ នៅតំបន់ភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាម ចំនួន អ្នកស្លាប់មានច្រើនជាង ៧៩០ នាក់ ។នេះបើយោងតាមកងការពារស៊ីវិលស៊ីរី ដែលជាសេវាជួយសង្គ្រោះ និងដែលគេស្គាល់ថាជាក្រុមមួកពណ៌ស (White Helmets) និងល្បីល្បាញខាងការជីកយកមនុស្សចេញពីគំនរបាក់បែក ដោយការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលកន្លងមក។

ប្រធានក្រុមលោក Raed al-Saleh បាននិយាយថា៖ «មានការខិតខំប្រឹង ប្រែងអស់ពីសមត្ថភាពរបស់ក្រុមពួកយើង ប៉ុន្តែពួកគេមិនអាចឆ្លើយ តប ទៅនឹងគ្រោះមហន្តរាយ និងការដួលរលំអគារដ៏ច្រើនបែបនេះ បានទាន់ ពេលភ្លាមៗនោះទេ»។ លោកបានបន្តថា «យើងបានអស់ពេលវេលា ពោល គឺពួកយើងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះរាប់រយគ្រួសារទាំងអស់ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះទេ។ ដូច្នេះ ពួកយើងត្រូវការជំនួយជាបន្ទាន់ពីក្រុមអន្តរជាតិ»។

សម្រាប់មន្ត្រីមនុស្សធម៌អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីវិញបានលើកឡើងថា «កង្វះប្រេងឥន្ធនៈ និងអាកាសធាតុដ៏អាក្រក់កំពុងបង្កជាឧបសគ្គ សម្រាប់ក្រុមអ្នកជួយសង្គ្រោះ»។ លោក El-Mostafa Benlamlih ដែល ជាអ្នកសម្របសម្រួលក្នុងស្រុករបស់អង្គការសហប្រជាជាតិ បានប្រាប់ សារព័ត៌មានរ៉យទ័រ ពីទីក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរីថា «ហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត ផ្លូវដែលយើងធ្លាប់ប្រើប្រាស់សម្រាប់ ការងារ មនុស្សធម៌ក៏ត្រូវបានខូចខាតដូចគ្នា»។

មិនត្រឹមតែប៉ុណ្ណោះ បណ្ដាញអ៊ីនធឺណិតក៏ដំណើរការមិនល្អ ហើយផ្លូវដែល ឆ្លងកាត់ពីទីក្រុងមួយទៅកាន់ទីក្រុងមួយចំនួនទៀតនៅប្រទេសតួកគី ក៏ត្រូវរងការខូចខាត ដែលជាហេតុធ្វើឱ្យពិបាកក្នុងការធ្វើដំណើរចូលទៅវាយ តម្លៃផលប៉ះពាល់ និងការដឹកជញ្ជូនជំនួយផ្សេងៗ៕
ដោយ៖ ធា សុណា
ប្រភព៖ Rescuers struggle to reach quake victims as death toll tops 5,000 in Türkiye and Syria

ads banner