លោក ហ្សេលេនស្គី ជំរុញអឺរ៉ុបបញ្ជូនសព្វាវុធបន្ថែមទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអង់គ្លេស និងបារាំង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជិតមួយឆ្នាំមុន ហើយបានប្រើឱកាសនេះ ជំរុញសម្ព័ន្ធមិត្តរបស់គាត់ឱ្យបញ្ជូនសព្វាវុធបន្ថែមទៀត ហើយជាពិសេសយន្តហោះចម្បាំង។
ថ្លែងនៅក្នុងទីក្រុងប៉ារីស អមដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយយ៉ាងដូច្នេះថា បើអ៊ុយក្រែនទទួលបានសព្វាវុធធុនធ្ងន់រយៈចម្ងាយឆ្ងាយកាន់តែឆាប់… បើអ្នកបើកយន្តហោះរបស់យើងទទួលបានយន្តហោះកាន់តែឆាប់ នោះការឈ្លានពានរបស់រុស្សីនឹងបញ្ចប់ឆាប់ៗដូចគ្នា ហើយយើងអាចវិលត្រឡប់ទៅរកសន្តិភាពនៅអឺរ៉ុបវិញ។
ប៉ុន្តែលោកបានព្រមានថា “ពេលវេលានៅសល់តិចតួចណាស់”។ ជាមួយគ្នានេះ លោក ម៉ាក្រុង បានសន្យាថា បារាំងនឹងជួយអ៊ុយក្រែនឱ្យទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងបន្តការខិតខំប្រឹងប្រែងដើម្បីផ្គត់ផ្គង់សព្វាអាវុធបន្ថែមទៀត។
បារាំងបានប្តេជ្ញាចិត្តជួយអ៊ុយក្រែនឲ្យទទួលបានជ័យជម្នះ និងការបង្កើតសិទ្ធិស្របច្បាប់របស់ខ្លួនឡើងវិញ។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា អ៊ុយក្រែនអាចពឹងផ្អែកលើប្រទេសបារាំង ដៃគូអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីឈ្នះសង្រ្គាម ចំណែករុស្ស៊ីវិញ នឹងមិនអាចឈ្នះ ហើយត្រូវតែចាញ់សង្គ្រាមនេះ។
នាឱកាសនោះដែរ លោក សូលស៍ ក៏បានអះអាងផងដែរថា ប្រទេសអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានគាំទ្រអ៊ុយក្រែនផ្នែកហិរញ្ញវត្ថុ ជាមួយនឹងជំនួយមនុស្សធម៌ និងដោយសព្វាអាវុធ ហើយថា អាល្លឺម៉ង់នឹងបន្តធ្វើដូច្នេះដរាបណាវានៅតែជារឿងចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា