អភិបាលខេត្តកំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើន បាន និង កំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ

កំពង់ស្ពឺ៖ ក្នុងឱកាសចុះសួរសុខទុក្ខនិងផ្តល់ទឹកដោះគោដល់កុមារតូចមានអាយុចាប់ពីមួយថ្ងៃដល់២ឆ្នាំដែលកំពុងរស់នៅក្នុងបន្ទុកតាយាយចំនួន ៥៣៣នាក់ក្នុងភូមិទាំង១៩ នៃឃុំព្នាយ ស្រុកសំរោងទង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើនបាននិងកំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្របន្តបើកទ្វារនេះដែររដ្ឋបាលខេត្តកំពុងជួបនូវវិបត្តិកង្វះកម្មករដើម្បីបំពេញតម្រូវការងារដោយក្នុងនោះខេត្តកំពុងប្រកាសរកកម្មករប្រមាណជាង១ម៉ឺននាក់បន្ថែមទៀត ។

ឯកឧត្តម វ៉ី សំណាង បន្តថាខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួន ដល់ទៅ៣៨១កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥,៥៥២នាក់ ស្រី។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងមានចំនួន ដល់ទៅ១៨៧កន្លែង ។ ដោយគិតក្នុងចំណោមអ្នកដែលធ្វើការក្នុងរោងចក្រមានប្រមាណ ៩០ភាគរយជាស្រ្តី។ ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីអាចឱ្យពួកគេទៅធ្វើការនៅតាមទីប្រជុំជនបាន ស្ត្រីខ្លះត្រូវបង្ខំចិត្តទុកកូនរបស់ខ្លួនឱ្យនៅស្រុកកំណើតឬផ្ញើជាមួយក្រុមគ្រួសារដែលមានម្តាយឪពុកដែលមានវ័យចាស់ឱ្យមើលចិញ្ចឹមបីបាច់ថែទាំជំនួសពេញមួយថ្ងៃៗ ដើម្បីពួកគេមានឱកាសក្នុងការប្រកបកិច្ចការងារ។ដូច្នេះនៅតាមផ្ទះនិមួយៗក្នុងភូមិគេសង្កេតឃើញតែតាយាយប៉ុណ្ណោះដែលនៅជាមួយចៅហាក់បីដូចមនុស្សចាស់មានកូនតូចអញ្ចឹង។

អភិបាលខេត្តកំពង់ស្ពឺបានថ្លែងនូវការកោតសរសើរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលគិតមកទល់ពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរខ្លាំង កូនក្មួយមានការងារធ្វើគ្រប់គ្នា។ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ពលរដ្ឋក្នុងខេត្តនេះមានជីវភាព ធូរធារ ស៊ីវិល័យ ទៀតផង ៕

ដោយ៖ម៉ុន

ads banner