ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៦ និង០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមគំនិត របស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំ ឱ្យមានសិក្ខាសាលា “ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ” ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ស្ពឺ នាសណ្ឋាគារផាមរីវើ ។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយនិងបញ្ជ្រៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំង ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិ ទាំងមូល។
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើបទបង្ហាញដោយលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំឱ្យមានសិក្ខាសាលា “ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ ” នៅខេត្តកំពង់ស្ពឺដោយសារតែនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានតំបន់ការពារធម្មជាតិចំនួន ០៥ កន្លែង គឺ៖ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ), ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង, ជួរភ្នំក្រវាញកណ្តាល, ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់, របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។
ឯកឧត្តម បន្តថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮលើលិខិតទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ឯកឧត្តម បានបញ្ជាក់ថា ប្រធានបទនៃសិក្ខាសាលា “ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធាធម្មជាតិ” នឹងផ្តល់នូវចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមលើប្រធានបទដូចតទៅ ៖
១. ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន
២. ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦
˝អនាម័យ សោភ័ណភាព និងមានបរិស្ថានល្អ˝
៣. ការពង្រឹងសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
៤. គោលការណួណែនាំក្នុងការប្រើប្រាស់មធ្យោបាយសម្ភារៈ ដែលក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលថ្នាក់ជាតិ។
៥. សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ និងតំបន់ការពារធម្មជាតិ ។
៦. សញ្ញាណទូទៅនៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
៧. ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរដ្ឋ ។
៨. តួនាទីរបស់នគរបាលយុត្តិធម៌ ។
៩. នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ៕
ដោយ ៖ ម៉ុន សំអាត