លោក ចូ បៃដិន អះអាងជាថ្មីថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយចិនទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយប្រទេសចិនឡើយ បើទោះបីជាមានភាពតានតឹងជុំវិញការបាញ់ទម្លាក់ នូវអ្វីដែលមន្ត្រីអាមេរិកនិយាយថា ជាបាឡុងចារកម្មចិនក៏ដោយ។
លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន PBS យ៉ាងដូច្នេះថា យើងនឹងប្រកួតប្រជែងយ៉ាងពេញលេញជាមួយប្រទេសចិន ប៉ុន្តែ…យើងមិនស្វែងរកជម្លោះនោះទេ។
ការអត្ថាធិប្បាយរបស់លោក បៃដិន ទំនងជាស្វែងរកការកាត់បន្ថយភាពតានតឹងជាមួយចិន ជុំវិញឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបាឡុងចិនដ៏ធំមួយបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកជាច្រើនថ្ងៃ មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះរបស់កងទ័ពអាកាសអាមេរិក នៅជិតឆ្នេរសមុទ្រភាគខាងកើតកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។នៅពេលត្រូវបានសាកសួរថាតើឧបទ្ទវហេតុនេះ បង្កការប៉ះទង្គិចធំដល់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែរឬទេ? លោក បៃដិន បានឆ្លើយតបថា “ទេ”។
ទោះបីជាយ៉ាងណា ប្រទេសចិនបានអះអាងថា បាឡុងស៊ីវិលនេះគ្រាន់តែប្រើសម្រាប់បម្រើការងារស្រាវជ្រាវផ្នែកឧតុនិយមប៉ុណ្ណោះ ប៉ុន្តែមន្ទីរបញ្ចកោណបានពណ៌នាថា វាជាប្រតិបត្តិការចារកម្មបច្ចេកវិទ្យាខ្ពស់។ បាឡុងនេះបានហោះអណ្តែតនៅរយៈកម្ពស់ខ្ពស់ជាងយន្តហោះភាគច្រើន ហើយបានឆ្លងកាត់ដោយផ្ទាល់លើទីតាំងយោធាអាមេរិកដ៏រសើបមួយយ៉ាងតិច៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា