ក្រុមស៊ើបអង្កេតអន្តរជាតិថា លោក ពូទីន ទំនងជាជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 នៅអ៊ុយក្រែន
ឡាអេ៖ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា មាន “ការចង្អុលបង្ហាញយ៉ាងរឹងមាំ” ដែលបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមដោយផ្ទាល់នូវការផ្គត់ផ្គង់មីស៊ីល ដែលបានបាញ់ទម្លាក់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅលើទឹកដីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។
ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបាននិយាយថា ពួកគេកំពុងផ្អាកការស៊ើបអង្កេតរបស់ខ្លួនចំពោះឧក្រិដ្ឋកម្មនេះ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកាត់ទោសជនសង្ស័យ ហើយលោក ពូទីន ក៏មានអភ័យឯកសិទ្ធិជាប្រមុខរដ្ឋទៀតផង។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា ការសម្រេចចិត្តនេះ គឺជា “ការខកចិត្តដ៏ជូរចត់” ប៉ុន្តែថា យើងនឹងបន្តហៅសហព័ន្ធរុស្ស៊ីឱ្យទទួលខុសត្រូវ។ ប៉ុន្តែរុស្ស៊ីបានបដិសេធមិនជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17។
ទន្ទឹមគ្នា រដ្ឋអាជ្ញាហូឡង់លោកស្រី Dijna van Poetzeler បាននិយាយថា មានការបង្ហាញដ៏រឹងមាំដែលបញ្ជាក់ថា លោក ពូទីន បានសម្រេចចិត្តផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Buk ដល់ក្រុមផ្តាច់ខ្លួនអ៊ុយក្រែន។ មីស៊ីល Buk ត្រូវបានប្រើដើម្បីបាញ់ទម្លាក់យន្តហោះ MH17 នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយបានសម្លាប់អ្នកដំណើរ និងនាវិកសរុបចំនួន ២៩៨នាក់។
យ៉ាងណាមិញ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេថា ទោះបីជាយើងនិយាយអំពីការចង្អុលបង្ហាញដ៏រឹងមាំក៏ដោយ ក៏របារខ្ពស់នៃការស្វែងរកភស្តុតាងពេញលេញមិនត្រូវបានឈានដល់នោះទេ។
ការប្រកាសខាងលើនេះបានកើតឡើងជិតបីខែ បន្ទាប់ពីតុលាការហូឡង់បានប្រកាសថា ជនជាតិរុស្ស៊ីពីរនាក់ និងឧទ្ទាមអ៊ុយក្រែនម្នាក់ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះ Boeing 777 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩៨នាក់ ដោយបានផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំណែកជនសង្ស័យទី៤ ដែលជាជនជាតិរុស្ស៊ីត្រូវបានតុលាការលើកលែងចោទប្រកាន់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា