ប្រធានាធិបតីតួកគីពិនិត្យទំហំខូតខាតពីការរញ្ជួយដី ខណៈអ្នកស្លាប់ក្នុងប្រទេសនេះកើនដល់ជាង៩ពាន់នាក់
អង់ការ៉ា៖ ប្រធានាធិបតីប្រទេសតួកគី លោក អឺដូហ្គាន (Erdogan) បានអញ្ជើញចុះទៅពិនិត្យអំពីទំហំ ធ្វើនៃខូចខាត ដោយសារតែរញ្ជួយដី ដែលបណ្តាឲ្យស្លាប់មនុស្ស យ៉ាងហោចណាស់ ជាង៩ពាន់នាក់។
លោក ប្រធានាធិបតីតួកគី តាយីប អឺដូហ្គាន (Tayyip Erdogan) បានស្ទង់មើលការខូចខាតរញ្ជួយដី នៅតំបន់ អ៊ីស្កេនដឹរុន (Iskenderun) និង អាដាណា (Adana) នាភាគខាងត្បូងប្រទេសទួកគី កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ។
លោក អឺដូហ្គាន កាលពីថ្ងៃពុធ បានសារភាពថា មានបញ្ហាជាមួយនឹងការឆ្លើយតបដំបូងរបស់រដ្ឋាភិបាលរបស់លោក ចំពោះការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ចំពេលមានកំហឹងពីអ្នកទុគ៌តដែលនៅសេសសល់ និងការខកចិត្តចំពោះការមកដល់យឺតនៃក្រុមជួយសង្គ្រោះ។
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សមួយចំនួនទៀតដែលបានបាត់ខ្លួន ប៉ុន្តែជនជាតិទួកគីជាច្រើនបានត្អូញត្អែរពីការខ្វះខាតឧបករណ៍ ជំនាញ និងជំនួយក្នុងការជួយសង្គ្រោះអ្នកដែលជាប់គាំង ហើយ ពេលខ្លះ សូម្បីតែពួកគេអាចឮសំឡេងស្រែករកជំនួយក៏ដោយ។
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី កាលពីថ្ងៃចន្ទ ត្រូវបានបញ្ជាក់ថាបានកើនឡើងដល់ ៩០៥៧ នាក់ហើយ នៅក្នុងប្រទេសទួកគី គិតត្រឹមថ្ងៃពុធ ហើយនៅក្នុងប្រទេសស៊ីរីវិញ អ្នកស្លាប់ត្រូវបានរាយការណ៍ថា បានកើនឡើងដល់យ៉ាងហោចណាស់ ២៩៥០ នាក់ នេះបើយោងតាមរដ្ឋាភិបាល និងសេវាកម្មជួយសង្គ្រោះដែលកំពុងធ្វើប្រតិបត្តិការ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត