ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាឱ្យ ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុអញ្ញាតឱ្យ លោក លី ស៊ាងមីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងសុំអនុសាសន៍ដឹកនាំ និងប្រឹក្សាយោបល់លើការងារកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលជាតិចិន ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗដែលទទួលបាន តាមរយៈកិច្ចសហការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិចិន និងភាពរីកចម្រើនរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណដល់ភាគីរដ្ឋាភិបាលចិន ដែលក្នុងរយៈកាលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងឧបករណ៍ និងមធ្យោបាយសម្ភារៈបម្រើឱ្យកិច្ចប្រតិបត្តិការ ការបណ្តុះបណ្តាលកសាងធនធានមនុស្ស និងការជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ អំពីការរីកចម្រើនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានាក្នុងពេលកន្លងមក ដែលភាគីចិន និងកម្ពុជាសហការគ្នាបានល្អក្នុងការកាត់បន្ថយបទល្មើសបានយ៉ាងច្រើន ជាពិសេសបទល្មើសហ្គេមអនឡាញ ។
ជាការឆ្លើយតបភាគីចិន លោក លី ស៊ាង មីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណចិន ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបានថ្លែងការកោតសរសើរដល់នគរបាលជាតិកម្ពុជា ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំអនុវត្តផែនការ ការពារក្នុងព្រឹត្តិការណ៍សំខាន់ៗ ជាក់ស្តែងដូចជាកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយរក្សាបាននូវសុវត្ថិភាពទាំងស្រុងជូនគ្រប់គណៈប្រតិភូចូលរួម។
លោក លី ស៊ាង មីង (LI XIANG MING) ក៏បានថ្លែងគាំទ្រចំពោះការចង្អុលដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជា-ចិន។ ជាមួយគ្នានោះផងដែរ ភាគីចិនក៏សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដូចជា ការប្រកួតកីឡា SEA GAMES លើកទី៣២ និងកីឡាជនពិការ ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះភាគីចិន ក៏បានឯកភាពក្នុងការបណ្តុះបណ្តាលគ្រូបង្គោលរយៈពេលវែង លើការងារជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច្ច័យឌីអិនអេ និងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយធ្វើការបញ្ជូនគ្រូបង្គោលទៅបណ្តុះបណ្តាលនៅប្រទេសចិន និងត្រឡប់មកបណ្តុះបណ្តាលដល់នគរបាលនៅប្រទេសកម្ពុជាវិញ។
ភាគីនគរបាលកម្ពុជា និងនគរបាលចិន បានថ្លែងអំណរគុណទៅវិញទៅមក ព្រមទាំងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យយកាន់តែប្រសើរថែមទៀត ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន ៕
ដោយ-រ៉ាវុធ