នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងក្នុងករណីឆក់កាបូបយួរដៃស្ត្រីជនជាតិស្វីស
ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១៩និង ៤៥នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ បានធ្វេីការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួច មានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃពីស្ត្រីជនជាតិស្វីស) ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ២១៥កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់បានឈ្មោះមាស រៈទិត្យ ហៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចចាប់បានវត្ថុតាងមាន: -ម៉ូតូចំនួន ០១គ្រឿងម៉ាក Honda សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខស្វាយរៀង 1O -3022 ដែលមានលេខតួនិងលេខម៉ាស៉ីន : ៤៣៥៤៤ជារបស់ជនសង្ស័យខាងលើ ជិះធ្វើសកម្មភាពឆក់និងកាបូបយួរដៃពណ៌ខ្មៅចំនួន១ ក្នុងនោះមាន: ទូរស័ព្ទដៃម៉ាក I phone XR ពណ៍ខ្មៅ , ប្រាក់ដុល្លារចំនួន១០០$ (មួយរយដុល្លារអាមេរិច) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិស្វីសចំនួន១សន្លឹក(ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក)បានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ BUHLER KARIN ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិស្វីស បានដើរថ្មើរជើងជាមួយស្វាមី ជាជនជាតិស្វីសដូចគ្នាទៅញាំអាហារនៅម្តុំផ្សារញ៉ែរ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ លុះពេលជនរងគ្រោះនិងស្វាមីបានញាំអាហាររួចហើយក៏ដើរត្រឡប់ទៅសណ្ឋាគារវិញ។ ពេលមកដល់ចំណុចមុខផ្ទះលេខ៦១ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុមទី ២៥ ភូមិ៩សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានី ភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ មាស រៈទិត្យ ហៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងបក្ស ពួកឈ្មោះ យ៉ាន់ សាន់ដេ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿងម៉ាក Honda សេ ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខស្វាយរៀង 1O -3022 មកពីក្រោយជនរងគ្រោះរួចហើយជនសង្ស័យឈ្មោះ យ៉ាន់ សាន់ដេ ជាអ្នកជិះពីក្រោយក៏បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃជនរងគ្រោះបានសម្រេច។
ភ្លាមៗនោះជនរង គ្រោះបានស្រែកថាចោរៗ (ជាភាសា អង់គ្លេស) ដើម្បីឲ្យអ្នកជិតខាងជួយ ភ្លាមនោះក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងផ្នែកនគរ បាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស រៈទិត្យ ហៅ ទី និងចាប់យកវត្ថុតាងកាបូប យួរដៃរបស់ជនរងគ្រោះមកវិញ រួចបញ្ជូនជនសង្ស័យរូបនេះមកកាន់ទីស្នាក់ការប៉ុស្ដិ៍ផ្សារដេប៉ូទី២ ដើម្បីធ្វើការសាកសួរ តែម្ដង ។ ចំណែកឯជនសង្ស័យជាបក្សពួកឈ្មោះ យ៉ាន់ សាន់ដេ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើសមត្ថកិច្ចផ្នែកជំនាញ ខណ្ឌទួលគោក បានប្រគល់ជូនទៅឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ជីម ភារ៉ា