ហ្សេលេនស្គីធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេស ស្វែងរកអាវុធទប់ទល់ នឹងរុស្ស៊ី
ឡុងដ៍៖ អង់គ្លេសបានប្រកាសពីការបង្កើននូវការបញ្ជូនសព្វាវុធយោធា ទៅឱ្យអ៊ុយក្រែនភ្លាមៗ ដើម្បីជួយទប់ទល់នឹងការវាយលុក របស់រុស្ស៊ីកាន់ តែខ្លាំងឡើងៗ ហើយបានសន្យាថានឹងបណ្តុះបណ្តាលអ្នកបើកយន្តហោះ របស់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានចូលជួបជាមួយនាយក រដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ក្នុងដំណើរ ទស្សនកិច្ចមួយដ៏កម្រមួយ។
គួរកត់សម្គាល់ថា ទីក្រុងឡុងដ៍ គឺជាគោលដៅទីមួយរបស់លោក ហ្សេលេនស្គី ក្នុងការធ្វើដំណើរជាលើកទីពីរនៅបរទេសរបស់ខ្លួន ចាប់តាំង ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្លាប់បានធ្វើដំណើរទស្សនកិច្ចម្ដងរួចមកហើយទៅកាន់ សហរដ្ឋអាមេរិកកាលពីខែធ្នូ។ បន្ទាប់ទៅទៀតនេះ លោក ហ្សេលេនស្គី គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលនៅថ្ងៃទី៩ ខែកុម្ភៈ ជាកន្លែង ដែលសហភាពអឺរ៉ុបកំពុងរៀបចំកិច្ចប្រជុំកំពូលមួយ។
បន្ទាប់ពីលោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់អង់គ្លេសភ្លាម លោកត្រូវ បានទទួលស្វាគមន៍ដោយលោក ស៊ូណាក់ យ៉ាងកក់ក្ដៅ និងមានការទះដៃ អបអរសាទរពីពលរដ្ឋអង់គ្លេសជាច្រើននៅតាមបណ្ដោយដងផ្លូវ ខាងក្រៅ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស។ នៅពេលទៅដល់ទីនោះភ្លាម លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់អង់គ្លេសភ្លាមៗផងដែរសម្រាប់ ការជួយគាំទ្រខ្លួន ចាប់តាំងពីថ្ងៃដំបូងនៃការឈ្លានពានពីសំណាក់រុស្ស៊ី។
លោកបានមានប្រសាសន៍ថា ៖ «អរគុណច្រើនណាស់! យើងមាន មោទនភាព ហើយពិតជាល្អខ្លាំងណាស់ជុំវិញទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ជាមួយលោក រីស៊ី»។
កិច្ចប្រជុំប្រព្រឹត្តទៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែលោក ស៊ូណាក់ ត្រូវត្រឡប់ទៅកាន់សភាវិញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្ដីពីវេទិកា សាក សួរនាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍។ ទោះជាយ៉ាងណា ក្រោយជំនួបរវាង មេដឹកនាំទាំងពីរ គេសង្កេតឃើញថា អង់គ្លេសដែលបាននឹងកំពុងធ្វើការ ជាមួយកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា ការហ្វឹកហ្វឺនបន្ថែមនឹងអាចធានាថា អាកាសយានិកអ៊ុយក្រែនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកយន្តហោះចម្បាំងទំនើបស្តង់ដាររបស់អង្គការណាតូនាពេលអនាគតបាន។ អង់គ្លេសបានបន្ថែមថា វាគឺជាផ្នែកមួយដ៏សំខាន់នៃការវិនិយោគរយៈ ពេលវែង ក្នុងវិស័យយោធារបស់អ៊ុយក្រែន។
ការលើកឡើងរបស់អង់គ្លេសបែបនេះ ហាក់ដូចជាបង្ហាញថា អង់គ្លេស មិនទាន់បានផ្លាស់ប្តូរគំនិតរបស់ខ្លួនដែលចង់ផ្ដល់យន្តហោះចម្បាំងដល់ទីក្រុងគៀវ (Kyiv) ដែលអ៊ុយក្រែនបានស្នើសុំនោះទេ។
គួររម្លឹកថា ការផ្ដល់យន្តហោះចម្បាំងជាបញ្ហាដែលអង់គ្លេសធ្លាប់បាន អះអាងថា វាមិនមែនជាវិធីសាស្រ្តត្រឹមត្រូវសម្រាប់ពេលនេះនោះទេ។
លោក ស៊ូណាក់ បានលើកឡើងថា ៖ «ដំណើរទស្សនកិច្ចនេះ គឺជា សក្ខីភាពមួយចំពោះភាពក្លាហាន ការប្តេជ្ញាចិត្ត និងការប្រយុទ្ធរបស់ អ៊ុយក្រែន និងដើម្បីមិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេសទាំងពីរ»។
នាយករដ្ឋមន្ត្រីរូបនេះបានបន្តថា ៖ «ខ្ញុំមានមោទនភាពដែលថ្ងៃនេះ យើង គ្រោងនឹងពង្រីកការហ្វឹកហ្វឺនកងកម្លាំងទានហានជើងគោក កងទ័ពជើងទឹក និងអ្នកបើកបរយន្តហោះចម្បាំង។ ទាំងនេះគឺដើម្បីធានាថាអ៊ុយក្រែន មានកម្លាំងយោធាកម្រិតមួយដែលអាចការពារផលប្រយោជន៍របស់ខ្លួនបានយ៉ាងល្អទៅថ្ងៃអនាគត»។
អ្នកនាំពាក្យរបស់វិមានបឺគីងហាំ (Buckingham) បានលើកឡើងថា លោក ហ្សេលេនស្គី នឹងចូលជួបស្តេចឆាល (Charles) នៅក្រោយថ្ងៃពុធ។ ស្ដេច ឆាល ធ្លាប់បានធ្វើទស្សនកិច្ចទៅកាន់បណ្ដាអង្គការជាច្រើនដែលជួយ ជនជាតិអ៊ុយក្រែនក្នុងប្រទេសអង់គ្លេស ហើយទ្រង់បានហៅការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែនថាជាការឈ្លានពានដ៏ព្រៃផ្សៃបំផុត។
អង់គ្លេសក៏បានបន្តដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីកំណត់គោលដៅអ្នក ដែលបានជួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រួមទាំងក្រុម ហ៊ុនផលិតសព្វវុធយោធា និងបុគ្គលប្រាំបីនាក់ផ្សេងទៀត ដែលបាន ជួយគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិ ក៏ដូចជាអំណាចរបស់ឥស្សរជន នៅវិមានក្រឹមឡាំង។
សូមរំឮកផងដែរថា លោក ហ្សេលេនស្គី ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កំពុងធ្វើទស្សនកិច្ចនៅអង់គ្លេស ចំពេលដែលរុស្ស៊ីកំពុងប្រមូល ទាហានរាប់ម៉ឺននាក់ ចល័តទៅកាន់សមរភូមិ ដើម្បីព្យាយាមវាយទម្លុះកង កម្លាំងការពាររបស់អ៊ុយក្រែននៅតំបន់ភាគខាងកើតប្រទេស។
អង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏បានសន្យាផងដែរថា នឹងផ្ដល់រថក្រោះ និងរថពាសដែករាប់រយគ្រឿង ដើម្បីជួយទីក្រុងគៀវ ក្នុងការទប់ទល់នឹងការវាយលុក និងការដណ្តើមយកទឹកដីមួយចំនួនមកវិញ ប៉ុន្តែអង់គ្លេសក៏បានលើកឡើងបន្ថែមថា វាត្រូវការពេលវេលាដើម្បី បណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន ក្នុងការប្រើប្រាស់គ្រឿងយន្តសព្វាវុធ ទាំងអស់នោះឱ្យមានប្រសិទ្ធភាព។
ចាប់តាំងពីលោក ចនសុន បានលាលែងពីតំណែងកាលពីឆ្នាំមុន លោក ស៊ូណាក់ បានសន្យាថានឹងបន្តគាំទ្រអ៊ុយក្រែន ដោយលោកធ្លាប់បានធ្វើ ទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីខែវិច្ឆិកា ហើយបានប្រាប់មេដឹកនាំ អ៊ុយក្រែនថា «យើងនៅជាមួយអ្នកគ្រប់កាលៈទេសៈ»។
ជាក់ស្ដែង នៅទីក្រុងឡុងដ៏ លោកបានប្រាប់លោក ហ្សេលេនស្គី ថា លោកនឹងពន្លឿនការដឹកជញ្ជូនសម្ភារៈយោធាទៅកាន់អ៊ុយក្រែន។
យោងតាមការប្រកាសរបស់រាជរដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា អង់គ្លេសបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ១ ម៉ឺននាក់ដែល បានចល័តទៅត្រៀមប្រយុទ្ធក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ហើយនឹង បណ្តុះបណ្តាលទាហានចំនួន ២ ម៉ឺននាក់បន្ថែមទៀតនៅឆ្នាំនេះ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា កាលពីសប្តាហ៍មុន ទាហាន អ៊ុយក្រែនបានមកដល់ប្រទេសអង់គ្លេស ដើម្បីធ្វើការសិក្សាពីរបៀបបញ្ជា រថក្រោះម៉ាក Challenger 2 ហើយលោក ស៊ូណាក់ ក៏បានសន្យាថានឹង ផ្តល់ជូនអ៊ុយក្រែន នូវរថក្រោះដែលមានសមត្ថភាពអាចបាញ់បានរយៈ ចម្ងាយឆ្ងាយទៀតផង។
ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងឡុងដ៏ បានបដិសេធមិនផ្តល់យន្តហោះ ចម្បាំងនៅឡើយទេ ដោយលើកឡើងថា វាមិនមែនជាវិធីសាស្រ្តត្រឹមត្រូវ សម្រាប់ពេលនេះនោះទេ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានលើកឡើងថា ជំហររបស់អង់គ្លេសអាចនឹង ផ្លាស់ប្តូរ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យរបស់លោក ស៊ូណាក់ បានលើកឡើងថា អ្នករៀនបើកយន្តហោះចម្បាំងរបស់អង់គ្លេស ចេះលឿនបំផុត គឺត្រូវប្រើ រយៈពេល ៣៥ ខែ។ លោកបានបន្តថា ៖ «យើងនឹងបន្តស្តាប់ការលើក ឡើងរបស់អ៊ុយក្រែន ហើយនឹងពិចារណាជាមួយគ្នាថាតើវិធីសាស្ត្របែបណា ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង»។
ដោយ៖ធា សុណា
ប្រភព៖ Ukraine’s Zelenskyy arrives in Britain seeking more arms against Russia