សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសចិន ប្រកបដោយសុវត្ថិភាព
ប៉េកាំង៖ នៅវេលាម៉ោង ១៣ និង ២០នាទីម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង ១២ និង ២០នាទី ម៉ោងនៅកម្ពុជា នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហា ដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងឯកឧត្តម លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន នាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕
ដោយ វណ្ណលុក