ឯកឧត្តម ហេង សួរ៖ នាយទាហាន និងពលទាហាន ដែលបានបញ្ចប់ជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងការបំពេញតួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។
តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏ដូចជាគ្រូឧទ្ទេស ព្រមទាំងសហការី ដែលបានផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ ។
ឯកឧត្តម ហេង សួរ បន្តថា ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា។
គួរជម្រាបជូនដែរថា វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តឡើងក្នុងរយៈពេល២ខែ ហើយបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួម ៧៤នាក់ មកពី ២១កងឯកភាពនៃកងទ័ពជើងគោកនៅទូទាំងប្រទេស ៕ ជា សេឌី