ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី លោកអ្នកក៏អាច នឹងទទួលបានឳកាសជាច្រើនក្នុងការបោះជំហានទៅមុខផងដែរ។  ទំនាក់ទំនងជាមួយ មនុស្សនៅក្បែរខ្លួនហាក់មានភាពល្អប្រសើរ ប៉ុន្តែក៏មិនគួរជឿទុកចិត្តលើសពេកដែរ។ ចំណាយពេលវេលាធ្វើការងារក្រោមកាតព្វកិច្ចអោយបានរួចរាល់មុនពេលល្ងាច ពីព្រោះ អ្នកហាក់មានកំលាំងថមថយនៅចុងបញ្ចប់នៃការងារល្ងាចនេះ។ ក្នុងនោះ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដីជាពិសេស។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានសភាពល្អ ប្រសើរគួរអោយកត់សម្គាល់។ អ្នកមានមនុស្សច្រើនជួយជ្រោមការងារមិនដាច់។ ក្នុងពេល ថ្ងៃកំហុស និងភាពអាក់អន់ខ្លះអាចកើតមានឡើង តែមិនចាំបាច់ត្រូវពិបាកមិនហ៊ានធ្វើ ដំណើរទៅមុខនោះទេ ពីព្រោះលោកអ្នកអាចនឹងដោះស្រាយបញ្ហាទាំងនោះបានដោយ ងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអាជីពការងារ និងផលចំណេញក្នុងផ្នែកអាជីវកម្មមានសភាពល្អប្រសើរ។ អ្នកអាចប្រើប្រាស់លុយកាក់បានសមស្រប ហើយមិនខ្លាចការខាតបង់ នោះទេ។ លើសពីនេះ ថ្ងៃនេះអំណោយផលដល់ការចូលរួមសហការ ធ្វើកិច្ចការងារជាក្រុម និងការពិភាក្សានានា។ ផ្ទុយទៅវិញ សូមលោកអ្នករក្សាកំលាំងកាយចិត្ត និងមិនត្រូវបោះបង់ការប្រកួតប្រជែងនានាឡើយ។ បើទោះបីជាពេលព្រឹកលោកអ្នកមិនអាចទទួលបានភាព ជោគជ័យ សូមបន្តការងារជានិច្ច អ្វីៗនឹងប្រសើរនៅចុងបញ្ចប់ការងារល្ងាចនេះ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះកិច្ចការងារ និងអាជីវកម្មអាចនឹងកើតឡើងច្រើន ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ។ វានឹងប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ ផ្ទុយទៅវិញ ការបំផុសគំនិតយោបល់ គឺការងារដែលអ្នកបានគ្រោងទុកទៅដល់មនុស្សរួមការងារ នោះនឹងជួយលោកអ្នកកែប្រែស្ថានភាពលំបាកក្នុងពេលនេះ។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានលទ្ធផលបន្តិច ។ សភាពខាងក្រៅធ្វើអោយអ្នករងឥទ្ធិពលច្រើន ហើយប្រសិនបើអ្នកមិនព្យាយាមទប់ស្កាត់ទេ ការដោះស្រាយក៏នឹងត្រូវប្រើពេលច្រើនទៅទៀត។ អ្នកគួរសុំជំនួយជាប្រញាប់ប្រសិនបើអ្នកមិនច្បាស់លើកិច្ចការដែលអ្នកកំពុងអនុវត្ត។ ការប្រថុយប្រថាន និងការ សម្រេចចិត្តលឿនមិនជាជម្រើសដែលត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញសូមព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងក្រុមការងារជានិច្ច។ ចំណែក ភាពស្មោះត្រង់ចំពោះមនុស្ស នៅក្បែរខ្លួន និងជំនឿចិត្តលើខ្លួនឯងនឹងជួយកែប្រែភាពអវិជ្ជមានបានច្រើន។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការបោះបង់ចោលគម្រោងផែនការ លោកអ្នកមិនអាចធ្វើការអនុវត្តដោយគ្មានផែនការច្បាស់ លាស់នោះទេ ពីព្រោះសភាពខាងក្រៅមិនតែងតែសសម្របទៅតាមស្ថានភាពរបស់អ្នកនោះ ទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ទន្ទឹមនឹងនេះ អ្នកអាចរំខានដោយអារម្មណ៍ហេតុនេះ ព្យាយាមគិតគូរអោយបានច្រើនដងមុនលោកអ្នកសម្រេចចិត្ត និយាយស្តី ធ្វើយ៉ាងណាកុំអោយមានកំហុស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញសម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកជាស្រេច។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាពមានសារសំខាន់ខ្លាំងណាស់នាពេលនេះ។ ដោយឡែក សូមកុំទាក់ទងនឹងរឿងខ្ចីបុល ពីព្រោះលោកអ្នកមិនអាចទាក់ទងនឹងលុយកាក់ ដែលគ្មានស្ថេរភាព បានទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុសផ្ទុយភេទ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នករងចាំជួយទម្រុងបម្រុង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងកំរិតហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន ហើយការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួន សូមពិចារណាអោយបានម៉ត់ចត់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ក្រៅពីនេះ សូមលោកអ្នកចំណាយ ពេលវេលាខ្លះកែលម្អទាំងកាយ ទាំងចិត្ត ពីព្រោះឳកាសនឹងកើតឡើងពីទំនាក់ ទំនង។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើប្រភពពត៌មាននានាបន្ថែម ពីព្រោះលោកអ្នកទំនងជាត្រូវមានបញ្ហាទាក់ទងនឹងការសម្រេច ឬផ្តល់គំនិតជាផ្លូវការ ឬការបាត់បង់ពត៌មានសំខាន់ ដែលអាចបណ្តាលឲ្យមានបញ្ហានៅកន្លែងការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកអាចមានលទ្ធភាពចាប់អារម្មណ៍លើអ្វីៗគ្រប់យ៉ាង ដែលកើតឡើងនៅជុំវិញ និងរកវិធីយ៉ាងស្រួលដោះស្រាយ ឬសម្របខ្លួនបានត្រឹមត្រូវ។  ក្រៅពីនេះ ការចាក ចេញហាក់មិនប្រសើរសម្រាប់សេដ្ឋកិច្ចនោះទេ ដូច្នេះសូមរងចាំសិនទើបប្រសើរជាង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលដល់ការកែលម្អ គម្រោងផែនការអនុវត្ត។ លោកអ្នកអាចធ្វើការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ ដោយត្រឹមត្រូវ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺរឿងរ៉ាវរបស់អ្នកដទៃ ពីព្រោះកំហុសអចេតនានឹងអាចកើតឡើង។  

ចំណាំៈ

ឆ្នាំទាំង៣ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងធ្វើការបោះទុន ចរចា និងការទទួលបានការតម្លើងប្រាក់កាសដ៏ប្រសើរ។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner