ទូតថ្មីជប៉ុនប្រចាំកម្ពុជា សន្យាថា នឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទាំងកម្ពុជានិងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩ ហើយព្រំដែនប្រទេសទំាងពីរបានបើកចំហរ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួប ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានកោតសរសើរចំពោះពលីកម្មនិងការចូលរួមរំដោះនិងកសាងប្រទេសកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតំាងពីដើមរហូតមក។
ឯកអគ្គរាជទូត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន នាពេលថ្មីៗនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍ និងអបអរសាទរឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែក ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍន៍បានដូចសព្វថ្ងៃ។ ប្រការនេះធ្វើអោយជប៉ុន ក្លាយជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលរបស់កម្ពុជា។ សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានរបស់កម្ពុជាបន្ថែមទៀត ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តា ក្រសួង មន្ទីរ និងស្ថាប័នខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយសម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការ នៅជប៉ុនឱ្យបានកាន់តែច្រើនថែមទៀត។ រដ្ឋសភាត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយឯកឧត្តម ដើម្បីអោយបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ៕
ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ