ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំឪនឹងរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងដាំផ្កាស្បៃរឿង ១លានដើម ដើម្បីបង្ហាញពីការគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្ត ដ៏ចំណាស់តំបន់ប្រាសាទព្រះធាតុបាស្រី

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទីតាំងទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តមនឹងរៀបចំតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

ឯកឧត្តម អ៊ាង សុផល្លែត បន្តថា ការរៀបចំដាំផ្កាស្បៃរឿងចំនួន ១លានដើមនេះនឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។

ឯកឧត្តម បានបន្តថា ប្រវត្តិសាស្ត្រវត្តព្រះធាតុនេះ មានអាយុកាលយូរលង់ណាស់មកហើយ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រគ្រប់ៗអង្គនាសម័យនោះរួមស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់បីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ថា៖ «ទីតាំងវត្តព្រះធាតុនេះហៅថា ទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតា ទីតាំងនេះគឺជាទីតាំងប្រវត្តិសាស្ត្រ អត់មានធ្វើអីទេ គឺទុកចោលឱ្យនៅទំនេរ ដោយឡែកនៅពេលដែលក្រុមការងារចុះជួយស្រុកអូររាំងឪ មកក៏បានកត់សម្គាល់ថាទីតាំងនេះជាទីតាំងប្រវត្តិសាស្ត្រ ហើយអាចកែច្នៃតំបន់នេះឱ្យក្លាយទៅជាទីតាំងអាចទទួលទេសចរបាន នៅពេលនេះក្រុមការងារបានរៀបចំដាំផ្កាស្បៃរឿង ១លានគុម្ព លើផ្ទៃដីទន្ទឹង ៣ម៉ែត្រ និងបណ្តោយ ១,៥គីឡូម៉ែត្រ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី»។

ឯកឧត្តម បន្តទៀតថា ក្រៅពីរៀបចំដាំផ្កាស្បៃរឿង ក្រុមការងារចុះមូលដ្ឋានក៏បានរៀបចំផ្លូវនៅលើទំបន់ទន្លេស្ងួត ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីដែលជាជំហានដំបូង ហើយជំហានបន្ទាប់ទៀតនឹងដាំដើមឫស្សីផ្អែម មានម្លប់សម្រាប់ក្លាយជាតំបន់ទេសចរណ៍រយៈពេលវែង។ ជាពិសេសផ្តល់ជាផលទំពាំងសម្រាប់ប្រជាជននៅតំបន់នេះអាចដកហូតធ្វើម្ហូបអាហារពិសារ និងដើមចាស់ៗអាចយកទៅធ្វើសម្ភារផ្សេងៗជាដើម។

ឯកឧត្តម បានថ្លែងថា៖ «គោលបំណងរបស់ខ្ញុំនៅថ្ងៃមុខហ្នឹង បើមានឱកាសនឹងកែប្រែទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតាហ្នឹងឱ្យក្លាយជាកន្លែងទេសចរណ៍ ឱ្យកាន់តែធំឡើងបន្ថែមទៀត ដោយមានរចនាផ្លូវខ្វាត់ខ្វែង មានសួនច្បារ ដើមឈើល្អប្រណិតនៅក្នុងហ្នឹងជាមួយនឹងកន្លែងចិញ្ចឹមត្រី ដែលទេសចរមកពីទីជិត ទីឆ្ងាយអាចមកកម្សាន្តនៅហ្នឹងបាន។ ទន្ទឹមហ្នឹងក៏មានបំណងធ្វើឱ្យតំបន់វត្តព្រះធាតុ ដែលជាវត្តប្រវត្តិសាស្ត្ររបស់យើងមានកិត្តិស័ព្ទឡើងវិញ និងមានសោភ័ណភាព ព្រមទាំងមានបរិស្ថាន ដែលជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪនេះ»។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ការរៀបចំឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។ ជាមួយគ្នានេះ ក្រុមការងារបានរៀបចំហេដ្ឋរចនាសម្ព័ន្ធនៅកន្លែងដាំផ្កាស្បៃរឿង ដែលផ្តល់ផ្តល់ប្រយោជន៍ដូចជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្មផងដែរ។

សូមបញ្ជាក់ថា នៅក្នុងខាងមុខវត្តព្រះធាតុបាស្រី អមសងខាងផ្លូវចូលវត្តមានគ្រឹះប្រាសាទបុរាណ ចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការេដែលមានទំហំ ១៥ម៉ែត្រ គុណ១៥ម៉ែត្រ កម្ពស់៣៣ម៉ែត្រ។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១,២៥០ម៉ែត្រ ពីត្បូងទៅជើងប្រវែង ៣០០ម៉ែត្រ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner