ព្យុះសង្ឃរាបោកបក់នៅតំបន់ភាគខាងជើង ប្រទេសនូវែលសេឡង់
វែលលីងតុន៖ ព្យុះស៊ីក្លូន ហ្គាព្រីអែល (Gabrielle) បានបោកបក់ នៅតំបន់ភាគខាងជើង ប្រទេសនូវែលសេឡង់ បំផ្លាញដើមឈើ និងទឹកជំនន់ តាមការព្យាករណ៍ទុក។
អ្នកស្រុកនៅទីក្រុង អ៊ុកឃ្លែន (Auckland) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ និងតំបន់ជុំវិញត្រូវបានគេប្រាប់ នៅថ្ងៃចន្ទទី ១៣ ខែកុម្ភៈ ក្នុងការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ទឹកជំនន់ និងខ្យល់បក់បោកខ្លាំង ខណៈដែលព្យុះស៊ីក្លូន ហ្គាព្រីអែល (Gabrielle) ខិតជិតឆ្នេរសមុទ្រ របស់ប្រទេសនេះ។
ព្យុះសង្ឃរា ហ្គាព្រីអែល (Gabrielle) បច្ចុប្បន្ន កំពុងស្ថិតនៅចម្ងាត ២៥០ គីឡូម៉ែត្រ ពីភាគពាយព្យនៃប្រទេសនូវែលសេឡង់ ហើយត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ទីទៅជិតឆ្នេរសមុទ្រភាគខាងកើត ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុប្រធាគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់នៃក្រុង អ៊ុកឃ្លែន (Auckland) លោកស្រី រ៉ាឈេល គេឡេហឺ (Rachel Kelleher) បាននិយាយថា “ដូចដែលអ្នកបានឮ យើងបារម្ភពីផលប៉ះពាល់នៃព្យុះស៊ីក្លូន ហ្គាព្រីអែល ជាអកុសលនឹងកាន់តែអាក្រក់ទៅៗ មុនពេលដែលវាធូរស្រាល ហើយវាមិនមែនជាពេលដែលត្រូវរអ៊ូរទាំនោះទេ យើងមិនទាន់ចេញពីព្រៃ នៅឡើយទេ”។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបឃីនស៍ (Chris Hipkins) កាលពីថ្ងៃចន្ទបានប្រកាសកញ្ចប់ថវិកា ៧.២៥ លានដុល្លារ ដើម្បីគាំទ្រដល់ក្រុមសហគមន៍ ដូចជា ធនាគារស្បៀងអាហារ និងដល់ក្រុមដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ព្យុះស៊ីក្លូនគឺជាព្រឹត្តិការណ៍អាកាសធាតុដ៏សំខាន់ទីពីរ ដែលបានវាយលុកទីក្រុង អ៊ុកឃ្លែន និងកោះភាគខាងជើង ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ កាលពីខែមុន ទីក្រុង អ៊ុកឃ្លែន និងតំបន់ជុំវិញបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ដែលបានបង្កឲ្យមានទឹកជំនន់ និងបានសម្លាប់មនុស្ស ៤ នាក់ ៕
ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត