ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីស្វាគមន៍មិត្តបរទេស និងកីឡាករ កីឡាការិនី មកចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីស្វាគមន៍មិត្តបរទេស និងកីឡាករ កីឡាការិនី មកចូលរួមព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងក្រោយខកខាន៦៤ឆ្នាំ។ ក្នុងនាមម្ចាស់ផ្ទះមិនមែនត្រឹមតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនមែនតែ Camsoc ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ មិនមែនជាផ្នែកនេះ ឬផ្នែកនោះទេ គឺប្រជាពលរដ្ឋកម្ពុជាទាំងមូលគឺជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។ អញ្ចឹងយើងត្រៀមទាំងស្មារតី ទាំងកម្លាំងកាយ ក្នុងការបង្ហាញថាកម្ពុជាបច្ចុប្បន្នខុសប្លែកពីកម្ពុជាអតីតកាល ពោរពេញដោយមោទនភាព ភាពជឿជាក់ ពោរពេញដោយក្តីសង្ឃឹមឆ្ពោះទៅអនាគតប្រទេសជាតិយើង។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ពានរង្វាន់ SOCCER LEAGUE នាកីឡដ្ឋាន R S N រាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារគ្រប់ៗរូប ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា បំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ រៀបចំ និងសម្របសម្រួល ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ជាមួយគ្នានេះផងដែរ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលសរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់ឱកាស និងគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពនានារបស់ ស.ស.យ.ក. នាពេលកន្លងមក រួមទាំងព្រឹត្តិការណ៍ក្នុងថ្ងៃនេះផងដែរ។ ជាពិសេសសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ដៃគូសហការ ក្រុមហ៊ុនចូលរួមឧបត្ថម្ភ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចំណែកឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយធ្វើឲ្យការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូនចាប់តាំងពីពេល ចាប់ផ្តើម រហូតមកដល់ពិធីបិទការប្រកួតនាពេលនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា គោលបំណង នៃការរៀបចំពានរង្វាន់ SOCCER LEAGUE នេះ គឺដើម្បីបង្កើន ឱកាសថ្មីៗបន្ថែមទៀតសម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំគ្នរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្ដល់ឱកាសឲ្យយុវជន យុវនារី ដែលមក ពីអង្គភាព-ស្ថាប័នខុសៗគ្នា ដែលមានមុខងារ និងវិជ្ជាជីវៈផ្សេងគ្នា បង្កើត និងបង្កើន ចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជន។ ការរៀបចំនេះ ក៏នឹងអនុញ្ញាតឲ្យ អ្នកចូលរួមអាចស្វែងយល់ពីគ្នា និងស្គាល់គ្នាទៅវិញទៅមក ដើម្បីក្លាយទៅជាបណ្តាញ ទំនាក់ទំនងមួយ ដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱន អធ្យាស្រ័យ និងវគោរពគ្នាទៅវិញទៅមក។ ជាពិសេសក្នុងការជំរុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឲ្យលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជា ផ្ដល់ឱកាសដល់យុវជនកម្ពុជាយើងក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់នេះផងដែរ។ ជាងនេះទៅទៀត កីឡាក៏នឹងរួមចំណែកអប់រំ ស្មារតីយុវជនយើង ឲ្យប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា និងការងាររបស់ខ្លួនមកលេង កីឡា ជាជាងយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាការសេព គ្រឿងញៀន ការប្រើអំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គម និងការលេងល្បែងស៊ីសងជាដើម។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជឿជាក់យ៉ាងមុតមាំថា សកម្មភាពយុវជនក្នុងការ លេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយឈរលើស្មារតី «កីឡារស់ក្នុងសន្តិភាព» និង «ប្រជាជនម្នាក់ លេងកីឡាយ៉ាងតិចមួយ ប្រភេទ» ដោយធ្វើយ៉ាងណាជំរុញវិស័យកីឡាអាចក្លាយជាចលនាជាតិដ៏រស់រវើកមួយ សម្រាប់យុវជន និងប្រជាជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព គុណភាព វិន័យ សាមគ្គីភាព មិត្តភាព ភាតរភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយសុខដុមរមនា។ ជាក់ស្តែង វិស័យកីឡាកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានវឌ្ឍនភាពល្អប្រសើរទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី ដែលកំពុងរីកចម្រើន ជាបន្តបន្ទាប់ ឆ្ពោះទៅកាន់ការប្រជែងដណ្តើមពានរង្វាន់ទាំងកម្រិតតំបន់ និងអន្តរជាតិ។
ជាលទ្ធផល នៃការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ លេខ១ បានទៅក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងជើងឯកផ្នែកនារី បានទៅក្រុម ក្រុម សុភីណា អេហ្វស៊ី៕ ចាន់ វិចិត្រ