កែបជាខេត្តដែលមិនមានករណីមរណភាពមាតានិងទារកឡើយកាលពីឆ្នាំ២០២២
កែប៖មន្ទីរសុខាភិបាលខេត្តកែបបង្ហាញមោទកភាពចំពោះវឌ្ឍនភាព កម្មវិធី សុខភាពបន្តពូជ មាតានិងទារក និងកុមារ ខណៈនៅខេត្តកែប អត្រាមរណ ភាព ស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ពោលនៅឆ្នាំ២០២២ កន្លងទៅ គឺពុំមានករណីស្លាប់របស់មាតា និងទារកទៀតនោះទេ។
លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែបបានឱ្យដឹងនៅពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៣ របស់មន្រ្តីសុខាភិបាលនា កាលពីចុងសប្តាហ៍ បានឱ្យដឹងថា៖« អត្រាមរណភាពមាតា និងទារកនៅខេត្តកែប បានថយចុះគួរឱ្យកត់សម្គាល់ ខណៈក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងសូចនាករនៃកម្មវិធីសុខភាព បន្តពូជ មាតា និងទារក និងកុមារ នៅតែបន្តស្ថិតក្នុងវឌ្ឍនភាព គួរឱ្យ មោទនៈ»។
លោកថា បើគិតចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២ ការសម្រាលកូន ដោយឆ្មបបុរាណ គឺពុំមានឡើយ ពោលគឺត្រូវបានលុបបំបាត់ទាំងស្រុង។
លោកប្រធានមន្ទីរសុខាភិបាលបានលើកឡើងទៀតថា តាមរយៈ លទ្ធផលនេះ មន្ទីរសុខាភិបាលខេត្តកែបសង្ឃឹមថា នឹងបន្តរួមចំណែក កាត់បន្ថយមរណភាពមាតា និងកុមារអោយរក្សានៅអត្រាទាបដដែល នៅឆ្នាំខាងមុខៗទៀត។
ពាក់ព័ន្ធកាត់បន្ថយមរណភាពមាតា និងកុមារនេះដែរឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរសុខាភិបាល ដោយផ្អែកតាមលទ្ធផលឆ្នាំ២០២២នេះ អត្រាមរណភាពស្រ្តី និងកុមារ ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ នេះសបញ្ជាក់ ឱ្យឃើញថា ស្ថានភាពសុខភាពរបស់ស្ត្រីកុមារ និងប្រជាពលរដ្ឋមានលក្ខណៈល្អ ប្រសើរបន្តិចម្តងៗ ជារៀងរាល់ឆ្នាំ នៅខេត្តកែប។
ឯកឧត្តមបានបញ្ជាក់បន្តថា៖«ទាំងនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តកែប ដែលបានបំពេញភារកិច្ចការងារប្រកបដោយ ភាពទទួល ខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យ សុខាភិបាល ជាពិសេសការផ្តល់សេវាសុខភាព ទាំងការប្រឹក្សានិងព្យាបាល សុខភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ»។
អភិបាលខេត្តកែប ក៏បានស្នើមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុក ដាក់បន្ថែមលើសុខភាពមាតា ទារក និងកុមារតូចៗ ក្នុងចំណោមគ្រួសារ ក្រីក្រនៅទីជនបទ តំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈមនៅឡើយ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្តាកោះក្នុងខេត្តកែប រួមមាន កោះពោធិ៍ និងកោះទន្សាយ ដែលតម្រូវឱ្យយើងគិតគូរចំពោះ ការផ្តល់សេវាដឹកជញ្ជូននៅពេលពលរដ្ឋមានបញ្ហាដូចជាសម្រាលកូន ឬសង្រោះបន្ទាន់ជាដើម។
លោកសោម ពិសិដ្ឋបន្តថា៖« រាជរដ្ឋាភិបាល បានបង្កើនថវិកាសម្រាប់ វិស័យសុខាភិបាលជារៀងរាល់ឆ្នាំ ពិសេសបានអនុវត្តគម្រោង លើកទឹក ចិត្តជាច្រើនក្រៅពីប្រាក់បៀវត្សរួមមាន៖ មូលនិធិសមធម៌ ការផ្ដល់ប្រាក់លាភ ការបន្ថែមលើកទឹកចិត្ត ដល់ឆ្មបដែលបានបង្កើតកូនរស់ ព្រមទាំងប្រាក់ ឧបត្ថម្ភ ស្នាដៃការងារ តាមរយៈការវាយតម្លៃគុណភាពសេវាសុខា ភិបាល សាធារណៈ ជាដើម»។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកែប បាន ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ការប្រើប្រាស់សេវាព្យាបាលនៅមន្ទីពេទ្យ និងមណ្ឌលសុខភាព ពិគ្រោះជំងឺថ្មីបានចំនួនជាង២ម៉ឺនករណី ធៀបនឹង គោលដៅឆ្នាំ២០២១ មានការកើនឡើងជាង៧០០ករណី។ អ្នកជងឺសម្រាក ព្យាបាលជិត៣ពាន់កណី ធៀបនឹងគោលដៅឆ្នាំ២០២១ មានការកើន ឡើងជាងជាង១ករណី។
ចំពោះសុខភាពមាតា ទារក កុមារ កាលពីឆ្នាំ២០២២គ្រូពេទ្យរដ្ឋកត់ត្រា ការពិគ្រោះយោបល់ជំងឺថ្មីលើកុមារអាយុក្រោម៥ឆ្នាំ សម្រេចបានចំនួន៤ ០៤២ករណី ធៀបនឹងគោលដៅឆ្នាំ២០២១ មានការថយចុះចំនួន២២៧ ករណី។ កុមារអាយុ៦ ទៅ១១ ខែ ទទួលបានជីវជាតិអា ជុំទី២ បានចំនួន ៤៤៣នាក់ ស្មើ៩៧ភាគរយ នៃកុមាររំពឹងទុក។កុមារអាយុ១២ ទៅ៥៩ខែ ទទួលបានវីតាមីនអា ជុំទី២ បានចំនួន៣២៨៥នាក់ ស្មើនឹង៩៩ភាគរយ នៃកុមាររំពឹងទុក។ចំណែកឯ ស្រ្តីមានផ្ទៃពោះ ទទួលបានថ្មាំជីវជាតិដែក ៩០គ្រាប់ បានចំនួន៥៦០ករណី ស្មើ៦៥ភាគរយនៃស្រ្តីរំពឹងទុក។ស្រ្តីបំបៅដោះកូនទទួលជីវជាតិដែក៤២គ្រាប់ បានចំនួន៤៧៧ករណី ស្មើ៥៥ភាគរយនៃស្រ្តីរំពឹងទុក ខណៈការសម្រាល់កូនដោយបុគ្គលិក សុខាភិបាល បានចំនួន៤៧៧ករណី ស្មើនឹង៥៥ភាគរយ នៃស្រ្តីមានផ្ទៃ ពោះរំពឹងទុក ពោលគឺមិនមានបាត់បងជីវិតនោះឡើយ៕
ដោយ៖ សែម ពិសី