កាកបាទក្រហមកម្ពុជាផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារដល់តួកគី (Video Inside)
កាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលរងវិបត្តិធ្ងន់ធ្ងរ ដោយសារតែគ្រោះរញ្ជួយធរណីកន្លងមកនេះ។ ជំនួយ១០ម៉ឺនដុល្លារនេះ គឺបន្ទាប់ពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលចំនួន១០ម៉ឺនដុល្លារ កាលពីសប្តាហ៍មុនផ្តល់ចំពោះតួកគី។
ប្រទេសតួកគីបានរងការរញ្ជួយដី៧ចុច៨រីច្ឆទ័រតាំងពីថ្ងៃទី៦កុម្ភៈដោយមានខេត្តចំនួន១០ បានរងគ្រោះនឹងរំញ័រដ៏ខ្លាំក្លានោះ។ អគារប្រមាណ៦ពាន់៤៤៤ កន្លែង ត្រូវបានដួលរលំ។ គិតមកទល់នឹងថ្ងៃទី១៣កុម្ភៈនេះ មានចំនួន៧ថ្ងៃហើយដែលគេស្ទើរអស់សង្ឃឹមថានឹងមានជីវិតអាចបន្តរស់នៅក្រោមគំនរអគារបែកបាក់ជាច្រើននោះឡើយ។
តួលេខមនុស្សស្លាប់បានកើន ដល់ ៣ម៉ឺន៣ពាន់នាក់ ក្នុងនោះរួមមានតួលេខអ្នកស្លាប់ក្នុងប្រទេសតួកគី និងប្រទេសស៊ីរី ដែលនៅក្បែរគ្នាផងដែរ។ តួលេខបាត់បង់ជីវិតត្រូវគេរំពឹងថាកើនលើសពីនេះថែមទៀត គ្រាដែលការជួយសង្គ្រាះមនុស្ស ចេញពីគំនរបែកបាក់នៅតែបន្តនៅឡើយ។
អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ ថ្លែងនៅថ្ងៃទី១៣កុម្ភៈថា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍គ្រោះរញ្ជួយដីដែលបានកើតឡើងនៅប្រទេសតួកគី ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងហេដ្ឋារចនាសម្ព័ន្ធក៏ ត្រូវបានបំផ្លិចបំផ្លាញអស់ជាច្រើនថែមទៀត។