អាមេរិក ជំរុញ ឱ្យ ពល រដ្ឋ ខ្លួន ចេញ ពី ប្រទេស រុស្ស៊ី ជា បន្ទាន់ ដោយ សារ ហានិភ័យ ផ្នែក សន្តិសុខ
ម៉ូស្គូ:ស្ថានទូត អាមេរិក ប្រចាំ ទី ក្រុង មូស្គូ បាន ចេញ សេចក្ដី ណែនាំ អំពី ការ ធ្វើ ដំណើរ សម្រាប់ ពលរដ្ឋ របស់ ខ្លួន ដោយ សារ តែ « ផល វិបាក ផ្សេង ៗ ដែល មិន អាច ទាយ ទុក ជា មុន បាន » នៃ សង្គ្រាម នៅ អ៊ុយក្រែន ដែល ឈាន ខិត ជិត ដល់ ខួបមួយឆ្នាំ ។
ក្នុង សេចក្ដី ថ្លែងការណ៍ ដែល ចេញ ផ្សាយ នៅ ថ្ងៃ អាទិត្យ ស្ថានទូត បាន ជំរុញ ឱ្យ ពលរដ្ឋ កុំ ឱ្យ ធ្វើ ដំណើរ ទៅ ប្រទេស រុស្ស៊ី នា ពេល នេះ ដោយ សារ តែ ពួក គេ អាច ប្រឈម មុខខ្ពស់ នឹង ការ យាយី ឬ ចាប់ សួរ ដើម្បី ឃុំ ខ្លួន ពី អាជ្ញាធរសន្តិសុខ របស់ រុស្ស៊ី, ការ អនុវត្ត ច្បាប់ ក្នុង ស្រុក (រុស្ស៊ី ) ដោយ បំពាន, ខ្សត់ ជើង ហោះ ហើរ ចេញ និង ចូល រុស្ស៊ី , ការ មាន កំណត់ នៃ លទ្ធភាព ជួយ ពលរដ្ឋ អាមេរិក របស់ ស្ថានទូត, និង អំពើ ភេរវកម្ម ជា ដើម ។
មិន ត្រឹម តែ ប៉ុណ្ណេះ ស្ថានទូត បាន ស្នើ ថា ចំពោះ ពលរដ្ឋ ដែល រស់ នៅ ឬ ធ្វើ ដំណើរ ក្នុង ប្រទេស រុស្ស៊ី គួរ តែ ចាក ចេញ ពី ប្រទេស នេះ ជា បន្ទាន់ ហើយ អនុវត្ត ការ ប្រុង ប្រយ័ត្ន បន្ថែម ទៀត ដោយ សារ តែ «ហានិភ័យ នៃ ការ ចាប់ ឃុំ ខ្លួន ខុស » ។
ស្ថាន ទូត អាមេរិក បាន គូស បញ្ជាក់ ថា ៖ « សមត្ថភាព របស់ រដ្ឋាភិបាល សហរដ្ឋ អាមេរិក ក្នុង ការ ផ្តល់ សេវា ប្រចាំ ថ្ងៃ ឬ សេវា សង្គ្រោះ បន្ទាន់ ដល់ ពលរដ្ឋ អាមេរិក នៅ រុស្ស៊ី មាន កម្រិត យ៉ាង ខ្លាំង ជា ពិសេស នៅ តំបន់ ឆ្ងាយ ពី ស្ថានទូត អាមេរិក ប្រចាំ ក្រុង មូស្គូ ដោ យ សារ តែ ការ កំណត់ របស់ រដ្ឋាភិបាល រុស្ស៊ី លើ ការ ធ្វើ ដំណើរ សម្រាប់ មន្រ្តី និង បុគ្គលិក ស្ថានទូត និង ការ ផ្អាក ប្រតិបត្តិការ ផ្សេង ៗ ជា បន្ត បន្ទាប់ រួម ទាំង សេវា កុងស៊ុល នៅ ស្ថាន កុងស៊ុល អាមេរិក » ។
ស្ថាន ទូត បាន អះ អាង ទៀត ថា ៖ «រុស្ស៊ី អាច បដិសេធ មិន ទទួល ស្គាល់ ពលរដ្ឋ អាមេរិក មាន សញ្ជាតិ ២ ហើយ អាច កំណត់ កំណែន ពួក គេ ធ្វើ ទ័ព រារាំង មិន ឱ្យ ចេញ ពី រុស្ស៊ី និង / ឬ ចាប់ ពួក គេ ធ្វើ ទាហាន » ។ ស្ថាន ទូត បន្ត ថា ពលរដ្ឋ អាមេរិក គួរ តែ ជៀស វាង « រាល់ ការ តវ៉ា នយោបាយ ឬ សង្គម ហើយ កុំ ថត រូប បុគ្គលិក សន្តិសុខ (រុស្ស៊ី ) នៅ ក្នុង ព្រឹត្តិការណ៍ ទាំង នេះ » ។
ឆ្លើយ តប នឹង ការ ព្រមាន ចំពោះ ពលរដ្ឋ អាមេរិក បែប នេះ វិមាន ក្រឹម ឡាំង បាន លើក ឡើង ថា វា មិន មែន ជា លើក ទី ១ ទេ ដែល អាមេរិក ធ្វើ ដូច្នេះ ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។ ការ ព្រមាន ជា សាធារណៈ បែប នេះ ធ្វើ ឡើង នៅ ចុង ខែ កុម្ភៈ ក្រោយ រុស្ស៊ី ចូល ឈ្លាន ពាន អ៊ុយក្រែន និង នៅ ចុង ខែ កញ្ញា ពោល គឺ បន្ទាប់ ពី ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន បញ្ជា ឱ្យ មាន ការ កេណ្ឌ ទ័ព រាប់ សែន នាក់ ទៅ ធ្វើ ទ័ព ដើម្បី ច្បាំង អ៊ុយក្រែន ៕
ដោយ:ហួន ឌីណា