ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ ត្រឹមតែរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន តាមរយៈការដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡលងថា ទន្ទឹមនឹងការត្រៀមចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយ ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន តាមរយៈការដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ។
ឯកឧត្តម បន្តថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។
ការលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ខណៈ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការដឹកនាំប្រជុំដោយផ្ទាល់ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធចូលរួមពិភាក្សានិងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជាការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថល ៕ ង៉ាន ទិត្យ