លោកជំទាវ ឌិត នីតា ៖ កុមារ ស្ថិតនៅក្នុងវ័យមួយ ដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ពីអាណាព្យាបាល និងឪពុកម្តាយ
ភ្នំពេញ ៖ «កុមារ ស្ថិតនៅក្នុងវ័យមួយ ដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ពីអាណាព្យាបាល និងឪពុកម្តាយ»។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបសំណេះសំណាល ជួបសួរ សុខទុក្ខ និងចែករំលែកក្តីស្រឡាញ់ដល់កុមារដែលមានជីវភាពខ្វះខាតចំនួន ៣០០នាក់ មកពីសង្កាត់កាកាប១ និង កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលពី ឯកឧត្តម ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងលោកជំទាវ លោកជំទាវ ថៃ វីឡាឡៃ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ ក្រុមការងារកម្មវិធីគ្រួសារយើង និងយុវជនស្មគ្រ័ចិត្ត អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលកុមារ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តពោធិ៍ចិនតុង។
ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ នេះ លោកជំទាវ ឌិត នីតា មានប្រសាសន៍ថា៖ ការបង្កើនក្តីស្រឡាញ់ចំពោះកុមារក៏ ដូចជាក្មេងជំទង់ ត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់ ដែលឪពុកម្តាយ ឬអាណាព្យាបាល គួរធ្វើដើម្បីជាការគាំទ្រ ដល់ផ្លូវចិត្ត របស់ពួកគេ ដែលជាផ្នែកមួយជួយឱ្យកុមារធំធាត់ឡើងប្រកបដោយភាពជឿងជាក់ និងមានថាមពល ហើយកុមារជាឈើជ្រត់ក្នុងគ្រួសារដ៍សំខាន់ ហើយជាធនធានមនុស្សមិនអាចខ្វះបាន ជាទំពាំងស្នងឬស្សី សម្រាប់ការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។ ហេតុនេះ កុមារគ្រប់រូបមានសិទ្ធិរៀនសូត្រ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណានោះឡើយ យើងត្រូវផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ការរៀនសូត្ររបស់កុមារ ដើម្បីឱ្យពួកគាត់អាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពល និងបំណងប្រាថ្នារបស់កុមារចង់បាន ព្រោះនៅប្រទេសកម្ពុជា មានកុមារី និងកុមារាជាច្រើននាក់ ពុំបានរៀនសូត្រគ្រប់គ្រាន់ ជាពិសេស កុមារ ដែលរស់នៅ ក្នុងតំបន់ក្រីក្រ។
គួរបញ្ជាក់ថា កម្មវិធីគ្រួសារយើង នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រៀបចំឡើងក្នុងគោលបំណងចូលរួម ជំរុញលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ ក៏ដូចជាបង្ហាញនូវការយកចិត្តទុកដាក់ចំពោះកុមារ ជាពិសេស កុមារក្រីក្រ ឱ្យខិតខំចាប់យកឱកាសអភិវឌ្ឍខ្លួន ទាំងស្មាតី សុខភាព និងការសិក្សា ដើម្បីជៀសផុតពីភាពក្រីក្រ និងត្រៀមខ្លួនក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត៕ ដោយ / គ្រី សម្បត្តិ