ថ្នាលបណ្តុះកូនឈើដែលបានបង្កើតឡើងដោយក្រសួងបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលជោគជ័យជាបន្តបន្ទាប់

ខេត្តសៀមរាប៖ ថ្នាលបណ្តុះកូនឈើដែលបានបង្កើតឡើងដោយក្រសួងបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានជោគជ័យបន្តបន្ទាប់ ក្រោយពីការបណ្តុះកូនឈើបានជាង១លានដើមសម្រាប់ចែកចាយដល់ប្រជាសហគមន៍ ក៏ដូចជាការយកទៅដាំតាមតំបន់គម្រោងអភិរក្ស ទីកន្លែងទេសចរណ៍មួយចំនួនក្នុងប្រទេសកម្ពុជារួចមក។

ថ្នាលបណ្តុះកូនឈើកន្លែងនេះ សម្រាប់ការបណ្តុះកូនឈើគ្រប់ប្រភេទដែលមានទាំងប្រភេទដើមឈើកម្រៗ រហូតដល់ដំណាំហូបផ្លែ ត្រូវបានគេបណ្តុះសម្រាប់ថែរក្សាពូជ និងអភិរក្សដើមឈើប្រទេសកម្ពុជា។

ទាក់ទិនក្នុងរឿងនេះ លោក ថាវ លីណា អ្នកបច្ចេកទេសដាំកូនឈើប្រចាំនៅមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូលសុខអានភ្នំគូលែនបានឱ្យដឹងថាគោលដៅសំខាន់ក្នុងការធ្វើថ្នាលបណ្តុះកូនឈើនេះគឺដើម្បីរក្សាពូជក្នុងស្រុកឱ្យបានល្អ ហើយការបណ្តុះពូជនេះដែរគឺដើម្បីចែកចាយដល់ពលរដ្ឋអាចយកទៅដាំបន្ត ឬក៏អាចយកទៅធ្វើអាជីវកម្ម។ ការបង្កើតថ្នាលនេះដែរសម្រាប់ផ្តល់ការងារដល់ប្រជាសហគមន៍ ក៏ដូចជាផ្តល់ពូជសម្រាប់ពួកគាត់យកទៅដាំដុះដើម្បីបង្កើនជីវភាពគ្រួសារ ។

លោកបានបញ្ជាក់ប្រាប់ថា៖”កូនឈើទាំងនេះក្រោយបណ្តុះបានគេបានយកទៅដាំក្នុងចំការដំណាំក្នុងស្រុក ដែលមានទំហំដីចំនួន៧០ហិកតា ដោយ ក្នុងនេះគេបានធ្វើការបែងចែកដូចជា ប្រភេទកម្រៗដូចជា ធ្នុង បេង គ្រញូង កកោះជាដើម។ក្រៅពីនេះក៏មានដំណាំក្នុងស្រុកដូចជាខ្នុរ ល្មុត ចេក មាន និងដំណាំហូបផ្លែជាច្រើនក៏ត្រូវបានដាំក្នុងចំការទាំងនេះដែរ”។

លោកបានលើកឡើងជុំវិញការបណ្តុះកូនរុក្ខជាតិទាំងនេះដែរថា ក្រៅពីការលក់ចែកចាយ ហើយសារៈសំខាន់មួយទៀតគឺទីកន្លែងមួយនេះក៏ផ្តល់ជាគោលដៅសំខាន់សម្រាប់អ្នកទេសចរណ៍ចូលកម្សាន្តផងដែរ។

អ្នកជំនាញបណ្តុះកូនរុក្ខជាតិរូបនេះបានថ្លែងដឹងដែរថា ក្រៅពីគោលបំណងទាំងអស់នេះការបណ្តុះថ្នាលកូនរុក្ខជាតិទាំងនេះគេក៏នៅមានគម្រោងសម្រាប់យកទៅដាំទីកន្លែងមួយទៀតដែលមានទំហំ២៤០ហិកតានៅថ្ងៃខាងមុខ។ក្នុងនេះគេនឹងរៀបចំជាតំបន់ខុសៗគ្នាដូចជារៀបចំជាចំការ ដើមធ្នុង ចំការគ្រញូង និងសូម្បីតែដើមរំដួលក៏នឹងត្រូវបានគេដាំជាតំបន់ៗសម្រាប់ឱ្យភ្ញៀវទេសចរចូលកម្សាន្តផង។ចំពោះតំបន់ដែលគ្រោងយកទៅដាំកន្លែងថ្មីនេះប្រមាណជាង២លានកូនឈើទើបអាចផ្តគ់ផ្គង់គ្រប់គ្រាន់។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាមជ្ឈមណ្ឌលមួយនេះ ត្រូវបានគេរៀបចំនូវផែនការមេ១៦តំបន់ ។ក្រៅពីនេះមជ្ឈមណ្ឌលនេះ ក៏កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍ ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍន៍។

ឯកឧត្តមបានមានប្រសាសន៍ថា”នៅមជ្ឈមណ្ឌលនេះគឺជាទីកន្លែងប្រមូលផ្តុំ ថែរក្សា ការពារ ក្នុងនេះមានទាំងប្រភេទកេសរកូល ពូជរុក្ខជាតិ ដំណាំ ផ្សេងៗដែលយើងត្រូវការថែរក្សាឱ្យបានគង់វង្សនិងឈានដល់ការផ្សព្វផ្សាយនិងចែករំលែកដល់សហគមន៍”។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា គោលដៅរបស់ក្រសួងបរិស្ថានក្នុងការការពារបាននូវធនធានធម្មជាតិ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានមុខរបរ មានចំណូល មានការងារ ដែលពួកគាត់ ឈប់ពឹងពាក់ទៅលើធនធានធម្មជាតិពោលគឺពួកគាត់មានជម្រើសថ្មីសម្រាប់កសាងជីវភាពថ្មីដែលរឹងមាំ និង មាននិរន្តរភាព៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner