អ្នកលក់ផ្កាក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់បង្ហាញពីការសប្បាយចិត្តដោយសារឆ្នាំនេះលក់ដាច់គួរសម
ភ្នំពេញ៖ថ្ងៃទី ១៤កម្ភៈ ដែលគេស្គាល់ថាជាទិវានៃក្តីស្រឡាញ់ (Valentine’s Day) បើទោះបីមិនមែនជាថ្ងៃបុណ្យរបស់ប្រជាជនខ្មែរក្តី ប៉ុន្តែថ្ងៃបុណ្យរបស់បរទេសមួយនេះវាបានជ្រួតជា្របចូលក្នុងមជ្ឈដ្ឋានពលរដ្ឋមួយចំនួនពិសេសយុវជនជំនាន់ថ្មី។
ដូចសព្វមួយដងនៅទិវានេះគេសង្កេតឃើញនៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនក៏តែងមានអ្នកលក់ផ្កាកូលាប និង វត្ថុអនុស្សាវរីយ៍នានា។នេះជារដូវមួយដែលពួកគេអាចរកប្រាក់កម្រៃបានពីព្រឹត្តុិការណ៍នេះ។ គេសង្កេតឃើញមានអ្នកលក់ជាច្រើនបានដាក់តុ និងមានទីតាំងដាក់ផ្កាលក់របស់របរជាច្រើនប្រភេទពិសេស ផ្កានិងកាដូអនុស្សាវរីយ៍សម្រាប់លក់ជូនអតិថិជនពិសេសយុវវ័យ ។
កញ្ញា វ៉ាន់ នីតា ដែលកំពុងលក់បាច់ផ្កា និងរបស់អនុស្សាវរីយ៍នៅលើកំណាត់ផ្លូវក្បែរផ្សារទួលទំពូង រាជធានិភ្នំពេញ បានប្រាប់ឱ្យដឹងថា៖រៀងរាល់ឆ្នាំកញ្ញា និងមិត្តភក្តិតែងឆ្លៀតពេលទិញផ្កាមកដាក់លក់ជូនអតិថិជនដែលអាចរកប្រាក់កម្រៃក្នុងមួយរដូវកាលចាប់ពី ១០០ដល់២០០ដុល្លារដែរ។សម្រាប់ឆ្នាំនេះតាមការលក់ចាប់តាំងតែពីព្រឹករហូតដល់ល្ងាចថ្ងៃទី ១៤ ខែ កុម្ភៈ នេះ កញ្ញាលក់ដាច់គួរសម ។ផ្កានិងរបស់អនុស្សាវរីយ៍លក់ដាច់ស្ទើរអស់។
ជាមួយនឹងទឹកមុខស្រស់ស្រាយយុវជន អាយុ២០ឆ្នាំរូបនេះបានរៀបរាប់ទៀតថា “បើគិតពីមួយរដូវលក់ផ្កានេះខ្ញុំអាចរកប្រាក់កម្រៃ១០០ទៅ២០០ដុល្លារ។ខ្ញុំលក់ដាច់តាំងតែពីព្រឹករហូតដល់ល្ងាចនិងរហូតដល់យប់នៅតែលក់ដាច់ដែរ”។
អ្នកស្រី ចាន់ថា ដែលកំពុងឈរលក់ផ្កានៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានិភ្នំពេញ មួយរូបបានប្រាប់ឱ្យដឹងពីការលក់ផ្កានៅក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់នេះដែរ ឆ្នាំនេះឃើញថាសន្ទុះអតិថិជនមកទិញប្រសើរជាងឆ្នាំមុនៗ ហើយអ្នកទិញមិនមែនមានតែយុវជនទេ គឺមនុស្សវ័យកណ្តាលនិងវ័យចាស់ខ្លះក៏បានទិញដែរសម្រាប់យកទៅជូនដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
ស្រ្តីរូបនេះបានប្រាប់ទៀតថា” រៀងរាល់ឆ្នាំខ្ញុំលក់ផ្កាមិនដែលខាតដើមទេ គឺគ្រាន់តែចំណេញតិចឬច្រើនប៉ុណ្ណោះ។ឆ្នាំនេះទោះមានអ្នកលក់ច្រើន តែខ្ញុំក៏នៅលក់ដាច់ច្រើនដែរ”។
បុរសម្នាក់ដែលបង្ហាញពីភាពអៀនប្រៀននៅពេលដែលត្រូវបានអ្នកសារព័ត៌មានយើងសាកសួរថាទិញផ្កាសម្រាប់ជូនអ្នកណានោះប្រាប់ថាគាត់ឈ្មោះ សុខហេង ហើយ រូបលោកទិញផ្កានេះសម្រាប់ជូនទៅថ្នាក់គ្រប់គ្រងក្រុមហ៊ុនរបស់គាត់។ការទិញផ្កាជូនថ្នាក់គ្រប់គ្រងនេះដែរដើម្បីបង្ហាញពីក្តីស្រឡាញ់រាប់អាន និងគោរពស្រឡាញ់ពេញចិត្តទៅលើការដឹកនាំការងាររបស់គាត់។
ចំណែកស្រ្តីវ័យក្មេងម្នាក់ផ្សេងទៀតឈ្មោះ ទី រតនា ដែលបានទិញផ្កាមួយបាច់នៅក្បែរតំបន់ទួលគោកវិញបានប្រាប់ថា រូបនាងទិញផ្កាជូនដល់មិត្តភក្តិដែលធ្លាប់មានគុណ និងពិសេសមិត្តភក្តិរូបនេះត្រូវចេញទៅរស់នៅក្រៅប្រទេសនាថ្ងៃស្អែកនេះផងដែរ។
គួរបញ្ជាក់ថាមុនថ្ងៃទិវានៃសេចក្តីស្រឡាញ់ ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីណែនាំមួយពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
បើយោងតាមសេចក្តីណែនាំកាលពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣បានបញ្ចាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ក្រសួងបានបន្តឱ្យដឹងថា”ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ដូចជា៖
១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេល ទង់ជាតិកុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់
២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដាន
អវត្តមានរបស់សិស្សានុសិស្សជាប្រចាំ
៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព
«មិត្តអប់រំមិត្ត”
៤-ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា
៥-បន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែ តុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។
ទទួលបានសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និង គ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ម៉ាដេប៉ូ