សម្តេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឱ្យបុគ្គលិកវីអូឌីចូលបំរើក្នុងក្របខណ្ឌរដ្ឋ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យបុគ្គលិកវិទ្យុវីអូឌី ដាក់ពាក្យចូលបំរើការងារក្នុងក្របខណ្ឌរដ្ឋ និងសម្តេចបានព្រមានជនបរទេស ណាដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
វិទ្យុវីអូឌី ត្រូវបានអាជ្ញាធរដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ ដោយសារតែភាពរឹងទទឹងមិនព្រមកែតម្រូវនិងសុំទោសចំពោះព័ត៌មាននយោបាយ ដែលបានផ្សាយពន្លើសខុសពីការពិត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងបណ្តាញសង្គមជាផ្លូវការបញ្ជាក់នៅថ្ងៃទី១៤កុម្ភៈនេះថា «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយសារកំហុសមេដឹកនាំ, ខ្ញុំសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។
សម្តេចបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្តេច។ សម្តេចនៅក្នុងសំណេរដដែល បានសរសេរព្រមានដល់ជនបរទេសដោយមិនត្រូវលូកលាន់ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងសម្តេចបញ្ជាក់ថានឹងមិនមានការផ្លាស់ប្តូរសម្រេចចិត្ត ក្នុងកិច្ចការដកអាជ្ញាបណ្ណនោះឡើយ។
សម្តេចបានសរសេរថា «ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។ សម្តេចបានបញ្ជាក់ចុងក្រោយថា «ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ…ផ្ទុយទៅវិញវានឹង ជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀត»។