ក្រសួងការបរទេសប្រាប់ស្ថានទូតបរទេសថាការដកអាជ្ញាបណ្ណវីអូឌី មិនមែនជាក្តីព្រួយបារម្ភ ប៉ុន្តែអំពើបំពានច្បាប់គឺជាការព្រួយបារម្ភ (Video Inside)

ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ការដកហូតអាជ្ញាបណ្ណវិទ្យុវីអូឌី មិនមែនជាក្តីព្រួយបារម្ភ ប៉ុន្តែអំពើបំពានច្បាប់នោះទេដែលជាការព្រួយបារម្ភ។ ការបញ្ជាក់នេះបានធ្វើនៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលច្រានចោលការព្រួយបារម្ភនានា របស់ស្ថានទូតបរទេសមួយចំនួនជុំវិញការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មួយចំនួនដែលទទួលមូលនិធិពីបរទេស។

គួរបញ្ជាក់ថាការដកអាជ្ញាបណ្ណផ្សព្វផ្សាយរបស់ វិទ្យុវីអូឌីដោយសារការផ្សាយព័ត៌មានបំផ្លើស, មិនព្រមកែតម្រូវ និងធ្វើការសុំទោសតាមសេចក្តីស្នើសុំនោះ បាននាំឱ្យមានប្រតិកម្មខ្លះពីបណ្តាស្ថានទូតបរទេសក្នុងសហគមន៍អឺរ៉ុប។

ក្រសួងការបរទេស បានច្រានចោលជុំវិញការព្រួយបារម្ភទាំងនោះ ដោយបញ្ជាក់តបមកវិញថា «ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍ នៃសិទ្ធិមនុស្សនិងសេរីភាព»។

វិទ្យុវីអូឌី ដែលអះអាងថាជាសារព័ត៌មានសេរី និងឯករាជ្យ បានផ្សាយព័ត៌មានមិនពិតមួយទាក់ទង នឹងបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពអនាគត នាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឱ្យវិទ្យុនេះធ្វើការកែតម្រូវ និងសុំទោស ប៉ុន្តែវិទ្យុនេះនៅតែមិនព្រមធ្វើតាម ដែលតម្រូវឱ្យក្រសួងព័ត៌មានត្រូវដកអាជ្ញាបណ្ណមិនឱ្យផ្សព្វផ្សាយ។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបានសរសេរថា «ការអះអាងថាជាព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពឡើយ»។

ads banner