ប្រធានាធិបតីអាល្លឺម៉ង់ធ្វើទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសកម្ពុជា (Video Inside)

ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយាកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញទស្សនកិច្ច ៣ថ្ងៃ ដែលមន្ត្រីកម្ពុជាបានចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្រ្វែង វ៉ាល់ធ័រ ឆ្តេនមៀ (Frank-Walter Steinmeier) និង លោកជំទាវអែលឃ៍ បឿឌិន បិនឌ័រ (Elke Büdenbender) បានអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ រវាងពីថ្ងៃទី ១៤ ដល់១៦ ខែកុម្ភៈឆ្នាំ២០២៣ គឺតបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន។

នៅថ្ងៃទី ១៤កុម្ភៈនេះ ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវបានធ្វើទស្សនកិច្ចអង្គការដោះមីន ហេឡូត្រាស់ដែលស្ថិតនៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប និងធ្វើទស្សនកិច្ចប្រាសាទអង្គរខេត្តសៀមរាប។

ក្រសួងការបរទេសកម្ពុជា ថ្លែងចាត់ទុកដំណើរទស្សនកិច្ចនោះថាជាការ «បើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវ ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ»៕

ads banner