សម្តេចតេជោ ហ៊ុន សែន វិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីឯកសារសំខាន់បីបានចុះជាមួយឡាវ (Video Inside)

សម្រេចតេជោ ហ៊ុន សែន បានបញ្ចប់ដំណើរទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសឡាវ បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានថ្លែងក្នុងសន្និសីទកាសែតមួយបន្ទាប់ពីជំនួបទ្វេភាគី។

កម្ពុជានិងឡាវមានទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានថ្លែងថាជំនួបរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងបានចុះហត្ថលេខាលើ ឯកសារសំខាន់ចំនួន៣។

កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបបានសម្រេចការបោះបង្គោលព្រំដែន ចំនួន១២១ បង្គោលដែលស្មើនឹង៨៦% ។
សម្តេចបានថ្លែងថាកិច្ចពិភាក្សាបានផ្តោតលើវិស័យទេសចរណ៍តាមផ្លូវគោក និងតាមផ្លូវអាកាសតភ្ជាប់ទីក្រុង នៃប្រទេសទាំង២ជាពិសេស ហ្លួងព្រះបាង និងភ្នំពេញ។

កម្ពុជានិងឡាវបានស្វាគមន៍ការបើកឡើងវិញនូវជើងហោះហើរត្រង់ពីហ្លួងព្រះបាង-ប៉ាកសេ-សៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្ត ឱ្យមានការបើកជើងហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទសាឡើងវិញ។

នាយករដ្ឋមន្ត្រីឡាវ បានស្នើនាយករដ្ឋមន្ត្រីកម្ពុជាជួយជម្រុញការធ្វើវិនិយោគរបស់ក្រុមធ្វើធុរកិច្ចឡាវ ក្នុងប្រទេសកម្ពុជា ខណៈដែលភាគីឡាវនឹងជួយជម្រុញការធ្វើនិយោគរបស់ក្រុមធ្វើធុរកិច្ចកម្ពុជា ក្នុងប្រទេសឡាវនេះវិញ។

កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំង២បានផ្តោតលើវិស័យអប់រំ, វិស័យសន្តិសុខ និងការពារជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសឡាវ នៅបានទទួលមេដាយ «ផូសៃ ឡានសាង» ដែលជាមេដាយមានគុណតម្លៃខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាមានិតឡាវសម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃលេចធ្លោ។

ads banner