អាមេរិកបានចាប់ខ្លួនជនសង្ស័យបួននាក់ទៀត ករណីធ្វើឃាតអតីតប្រធានាធិបតីហៃទី
វ៉ាស៊ីងតោន ឌីស៊ី៖ អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនជនសង្ស័យបួននាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការបាញ់សម្លាប់អតីតប្រធានាធិបតីប្រទេសហៃទី លោក ហ្សូវឺណែល ម៉ូអ៊ីស៍ (Jovenel Moise)។
ទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិកទើបបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ទៀត នៅរដ្ឋ ផ្ល័ររីដា សហរដ្ឋអាមេរិក ដោយជាប់សង្ស័យពីបទចូលរួមនៅក្នុងផែនការ ដែលនាំទៅដល់ការធ្វើឃាតអតីតប្រធានាធិបតី ប្រទេសហៃទី លោក ហ្សូវឺណែល ម៉ូអ៊ីស៍ ក្នុងឆ្នាំ ២០២១ នេះបើយោងតាមអាជ្ញាធរ បាននិយាយ កាលពីថ្ងៃអង្គារ ទី១៤ ខែ កុម្ភៈ។
ឃាតកម្មលើលោកអតីតប្រធានាធិបតីហៃទី បានបន្សល់ទុកនូវចន្លោះប្រហោងនយោបាយ នៅក្នុងប្រទេសស្ថិតក្នុងតំបន់ ការីប៊ីន មួយនេះ និងបានពង្រឹងក្រុមជនអន្ធពាលដ៏មានអំណាច ដែលបម្រើការជាអាជ្ញាធរជាក់ស្តែង នៅក្នុងផ្នែកធំនៃរដ្ឋធានី ព័រអូប្រាំង (Port-au-Prince) របស់ប្រទេសហៃទៃ។
យោងតាមក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា មនុស្សចំនួន ១១ នាក់ ឥឡូវនេះ កំពុងស្ថិតក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងឃាតកម្មនេះ។
ជនជាប់ចោទថ្មីបីនាក់ទៀត រួមមាន ទាំងម្ចាស់ក្រុមហ៊ុនសន្តិសុខប្រយុទ្ធភេរវកម្ម និងប្រធានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីនៅទូទាំងពិភពលោកទៀតផង ហើយ អ្នកទាំងនោះត្រូវបានគេចោទប្រកាន់ថាបានគាំទ្រការសមគំនិតក្នុងការចាប់ជំរិត ឬសម្លាប់ប្រធានាធិបតីនៃប្រទេសហៃទី នេះគឺជាអ្វីដែលអាជ្ញាធរសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសន្និសីទខ្លីមួយ។
មន្ត្រីបានបន្ថែមថា ចុងចោទទីបួន ឈ្មោះថា ហ្វ្រេឌឺរីក បឺគម៉ាន់ (Frederick Bergmann) ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការរត់ពន្ធអាវកាក់សម្រាប់អតីតទាហានកូឡុំប៊ី ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកបានបាញ់សម្លាប់អតីតប្រធានាធិបតីប្រទេសហៃទី លោក ហ្សូវឺណែល ម៉ូអ៊ីស៍៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត