អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងពីកំណើននៃការដឹកជញ្ជូនផ្លូវជាតិលេខ២ និងលេខ២២ ក្រោយបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនាខាងមុខនេះ
ភ្នំពេញ៖ ក្រសួងសាធារណការ ឱ្យដឹងថា ការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង៩០ភាគរយ ហើយ ខណៈដែលអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន រំពឹងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនេះ នឹងធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនកាន់តែមមាញឹក និងរលូនជាងមុន។
ផ្លូវជាតិលេខ២ និងលេខ២២ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin Engineering &Construction ហើយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគម្រោងចំណាយថវិកាប្រមាណ៥៦ លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨,៥លានដុល្លារអាមេរិក។
ការស្ថាបនាផ្លូវនេះចែកចេញជាពីរផ្នែក ក្នុងនោះផ្លូវជាតិលេខ២មានប្រវែងជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២មានប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។ គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ថា ផ្លូវជាតិលេខ២ និងលេខ២២ គឺបណ្តាញផ្លូវដែលមានសារៈសំខាន់ណាស់ ស ម្រាប់ការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ដែលនេះជាការផ្តល់នូវហេដ្ឋា រចនាសម្ព័ន្ធយ៉ាងសម្បូរបែប ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិក។
លោកបានបន្ថែមថា មិនត្រឹមការដឹកជញ្ជូនពីខាងក្រុមហ៊ុនឯកជននោះ វាក៏នឹងបង្កភាពងាយស្រួល និងលឿនរហ័ស សម្រាប់ កសិករ ក្នុងដឹកកសិផលរបស់ពួកគាត់ទៅកាន់ច្រកព្រំដែន ជាពិសេសច្រកភ្នំដិន ដើម្បីដោះដូរពាណិជ្ជកម្មជាមួយឈ្មួញវៀតណាម ដែលនឹងធ្វើឱ្យតំបន់ព្រំដែននេះ កា ន់តែសកម្ម ជំរុញកំណើនសេដ្ឋកិច្ចតាមតំបន់ព្រំដែន។
លោកបានបញ្ជាក់ថា ៖ «មែនទែនទៅ រវាងកម្ពុជា និងវៀតណាម មានព្រំដែនវែង ដែលមានច្រកព្រំដែន និងច្រករបៀងតូចធំ ដល់ទៅជាង ២០ច្រក ដោយសព្វថ្ងៃច្រកដែលមមាញឹកជាងគេមានតែប្រមាណ១០ច្រកទេ ដូច្នេះបើយើងមានអភិវឌ្ឍផ្លូវជាតិ ប្រកបដោយភាពងាយស្រួលបែបនេះទៀត វានឹងធ្វើឱ្យច្រកដទៃទៀត កាន់មានភាពងាយស្រួលចំណេញពេលវេលាបានច្រើន ដែលជំរុញកំណើននៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា បាននិយាយថា ផ្លូវជាតិទាំងពីរខ្សែនេះ មានសក្តានុពលខ្ពស់សម្រាប់វិស័យដឹកជញ្ជូនចេញចូលរវាងកម្ពុជា និងវៀតណាម ដែលជំរុញដឹកជញ្ជូនមានភាពរហ័សជាងមុន ដែលអាចគៀងគរការវិនិយោគបន្ថែមទៀត លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
លោកបានបញ្ជាក់ថា ៖ «ជាទូទៅនៅពេលដែលយើងបានផ្លូវល្អ ការធ្វើដំណើរងាយស្រួល ច្បាស់ណាស់កំណើននៃការធ្វើពាណិជ្ជកម្មតាមព្រំដែន ក៏នឹងកើនទៅតាមនោះដែរ ប៉ុន្តែ ទោះជាយ៉ាងណា វាក៏អាស្រ័យទៅលើកត្តាសេដ្ឋកិច្ចផងដែរ ព្រោះនៅពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសកលលោកទាំងមូលវិលមកភាពល្អប្រសើរវិញហើយនោះ វានឹងជំរុញឱ្យវិស័យ ឡូជីស្ទិក មានកំណើនទៅតាមនោះដែរ»។
បើតាមការគូសបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថា ក្រសួងបានសម្រេចពន្យារពេលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវជាតិលេខ២និងលេខ២២ ធ្វើយ៉ាងណាស្ថាបនាផ្លូវជាតិទាំងពីរខ្សែនេះឲ្យបានរួចរាល់ត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ ខណៈដែលបច្ចុប្បន្នការសាងសង់ផ្លូវជាតិទាំងពីរនេះសម្រេចបាន៩៤%ខណៈការសាងសង់តួផ្លូវសម្រេចបានស្ទើរ១០០%នៅឡើយតែការងារបន្ទាប់ បន្សំដូចជាការបំពាក់បង្គោលភ្លើង គូសគំនូស និងបំពាក់ស្លាកសញ្ញាចរាចរណ៍ និងធ្វើប្រព័ន្ធលូជាដើម។
តាមគម្រោងផ្លូវជាតិទាំងពីរនេះគ្រោងបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២២ តែត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សុំពន្យារពេលជាបន្តបន្ទាប់ក្នុងការបញ្ចប់ការសាងសង់។
លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា៖ «កត្តាដែលធ្វើឲ្យការស្ថាបនាផ្លូវជាតិទាំងពីរមានភាពយឺតយ៉ាវជាងគ្រោងទុក គឺដោយសារមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យរាំងស្ទះដល់ការនាំចូលគ្រឿងចក្រ ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ គួបផ្សំបញ្ហាអាកាសធាតុ ពិសេសជំនន់ទឹកភ្លើងនៅស្ទឹងព្រែកត្នោតតែម្តង»៕
ដោយ: វណ្ណ សុជាតា