រុស្ស៊ីច្រានចោលការចោទប្រកាន់ថា ខ្លួនមានផែនការធ្វើរដ្ឋប្រហារនៅម៉ុលដាវី

មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានចេញមុខច្រានចោលការចោទប្រកាន់ “គ្មានមូលដ្ឋានទាំងស្រុង” ពីប្រទេសម៉ុលដាវី ដែលថា ទីក្រុងមូស្គូកំពុងរៀបចំផែនការផ្តួលរំលំរបបដឹកនាំប្រទេសដែលគាំទ្រអឺរ៉ុប តាមរយៈការបង្កើតជាអំពើហិង្សាដោយមានជំនួយពីអ្នកបះបោរ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសបដិសេធយ៉ាងដូច្នេះថា ការអះអាងបែបនេះ គឺគ្មានមូលដ្ឋានទាំងស្រុង និងគ្មានភស្តុតាង។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីម៉ុលដាវី លោកស្រី ម៉ៃយ៉ា សាន់ឌូ បានចោទប្រកាន់រុស្ស៉ីថាមានផែនការបង្កចលាចលដើម្បីទម្លាក់លោកស្រីពីតំណែង, ទប់សា្កត់ម៉ុលដាវីកុំឱ្យចូលរួមក្នុងសហភាពអឺរ៉ុប និងមានបំណងប្រើប្រាស់ប្រទេសរបស់គាត់ នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។

បើតាមលោកស្រី សាន់ឌូ ផែនការរដ្ឋប្រហាររបស់រុស្ស៉ីមានជាប់ពាក់ព័ន្ធនឹងមនុស្សមួយចំនួនមកពីរុស្ស៉ី, ម៉ុងតេណេហ្គ្រោ, បេឡារូស និងស៊ែរប៊ី ដែលមានបំណងចូលក្នុងប្រទេសម៉ុលដាវី ដើម្បីញុះញង់ឱ្យមានបាតុកម្មតវ៉ា ក្នុងចេតនាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ ហើយបង្កើតរដ្ឋាភិបាលខុសច្បាប់មួយឡើងគ្រប់គ្រងដោយរុស្ស៉ី។

ការអត្ថាធិប្បាយខាងលើរបស់ប្រធានាធិបតីម៉ុលដាវីរូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរបស់គាត់បានដឹងពីផែនការសម្ងាត់មួយរបស់រុស្ស៉ី ក្នុងការបំផ្លិចបំផ្លាញម៉ុលដាវី និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាយករដ្ឋមន្ត្រីម៉ុលដាវី លោកស្រី ណាតាលី ហ្កាវ្រៀលលីតា លាលែងចេញពីតំណែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner