ស.ស.យ.ក ខេត្តកណ្ដាល បានយកថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងគោលបំណង “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល(ស.ស.យ.ក ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ខេត្តកណ្ដាល ដោយមានការនិមន្តយាងពីព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គោលបំណង “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ឈាមមានសារៈសំខាន់ណាដែលយើងគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត ដូចនេះយើងទាំងអស់គ្នារួមគ្នាជា ស.ស.យ.ក ខេត្តកណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា បានរួមគ្នាដោយស្ម័គចិត្តបរិចាគឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់យើងទាំងអស់គ្នានៅទូទាំងប្រទេស។

ឯកឧត្តម បន្តថា ដោយថ្ងៃនេះគឺជាថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ យើងទាំងអស់គ្នាបានស្ម័គ្រចិត្តរួមគ្នាផ្ដល់ក្ដីស្រឡាញ់ជូនជនរួមជាតិទាំងអស់គ្នាតាមរយៈការផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ហើយនៅថ្ងៃ ១៤កុម្ភៈ ឆ្នាំបន្តៗទៀត យើងនឹងបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈនេះ ទទួលបានឈាមចំនួន ១០៦ប្លោក សម្រាប់ធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងត្រូវការឈាមជាចាំបាច់ ៕ ដោយ ៖ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner